សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រែកប្រា


នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តនេះ កើតចេញពីមនុញ្ញផលនៃការអភិវឌ្ឍជាតិមាតុភូមិ ដើម្បីទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនា និង ផ្តើមចេញពីកំលាំងមហាសាមគ្គីរបស់រាជរដ្ឋាភិបាល អាជ្ញាធរដែនដី ព្រះសង្ឈ លោកយាយ លោកតា និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលចំណាយអស់ថវិកាចំនួនប្រមាណជា ៥២៨.៦៤០,០០ ដុល្លារ ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សព្វថ្ងៃនេះព្រះពុទ្ឋសាសនា ​បានចូលរួមចំណែកនិង​ដើរតួយ៉ាងសំខាន់ក្នុងការថែរក្សា​សុខសន្តិភាព ។ តាមរយៈសមិទ្ឋផលក្នុងទីអារាមនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការបំរើផ្នែកព្រះពុទ្ធសាសនា សំរាប់ប្រជាពុទ្ធបរិស័ទគោរពប្រតិបត្តិ។ សន្តិភាព​ពិតជា​មានតម្លៃ​ណាស់ សំរាប់ប្រទេស​ដែល​បានរួចផុតពី​សង្គ្រាម ទើបអាច​ធ្វើអោយ​ប្រទេសមាន​ការរីកចម្រើន​ទាំងវិស័យ​អាណាចក្រ និងពុទ្ធចក្រ។ វិស័យព្រះពុទ្ឋសាសនា ក្នុងសម័យសង្គ្រាម គឺស្ទើតែបាត់ទៅហើយ ជាពិសេសរបបប្រល័ពូជសាសន៍ ប៉ុល ពត។ ប៉ុន្តែបច្ចុប្បន្ននេះ តាមរយៈការដឹកនាំរបសរាជរដ្ឋាភិបាល បានធ្វើអោយវិស័យអាណាចក្រនិងពុទ្ឋចក្រមានការរីកចម្រើនទន្ទឹមគ្នា។
នាឱកាសនេះដែរសម្តេចតេជោ ក៏សូមចូលរួមជាបច្ច័យ ចំនួន ៥៣០០០ ដុល្លារ ទៅលើការជួយកសាងសមិទ្ឋផលក្នុងទីអារាមនេះ ហើយក្នុងឱកាសសម្ពោធសមិទ្ទផលផ្នែកពុទ្ធចក្រនេះ សម្ដេចក៏បានចូលរួមចំណែកកសាង ផ្នែកអាណាចក្រផងដែរដោយផ្តល់ជូន ជាចំណងដៃដល់សាលាបឋមសិក្សា ព្រែកប្រាក្រោម នូវអគារសិក្សា ១ ខ្នង ៣ជាន់ ១៨ បន្ទប់ និង ទីចាត់ការ ១ខ្នង មាន ៣បន្ទប់ រួមមានបំពាក់ ម៉ាស៊ីន ព្រីន ២គ្រឿង មា៉សីុនCopy ១គ្រឿង និង កុំព្យួទ័រ ៤គ្រឿង ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ អោយគ្រប់ទីអាម ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ត្រូវសហការទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ខណៈដែលរាជរដ្ឋាភិបាលកំពុងបន្តដាក់ចេញនូវ យុទ្ធនាការលប់បំបាត់ការប្រើប្រាស់ចែកចាយគ្រឿងញៀន ជាពិសេសឪ ពុកម្តាយ អាណាព្យាបាលត្រូវគ្រប់គ្រងកូនចៅ អោយបានល្អ។ សម្តេចតេជោ ក៏សូមអំពាវនាវផងដែរ សូមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវបញ្ជាក់ថាខ្លួនឯងជាវិស័យឯកជន មិនមែនជារបស់រដ្ឋទេ ហើយសូមអំពាវនាវដល់ប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នចំពោះការខ្ចីលុយពីមិក្រូហិរញ្ញវត្ថុ បើមិនមានលទ្ធភាពទេសូមកុំខ្ចី ជាពិសេសការខ្ញីយកទៅប្រើប្រាស់ខុសគោលដៅ។
សម្តេចក៏សូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះគំនិតផ្តួចផ្តើម កិច្ចខិតខំប្រឹងប្រែង របស់ចៅអធិការគ្រប់ជំនាន់ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សប្បុរសជន ពុទ្ធបរិស័ទទាំងក្នុងនឹងក្រៅប្រទេស ដែលបានផ្តល់នូវជំនឿជឿជាក់រួបរួមសាមគ្គីក្នុងការក៏សាង សមិទ្ទផលនានា ក្នុងវត្ថព្រែកប្រា សម្រាប់ទុកជាទីសេនាសនៈដ៏គាប់ប្រសើក្នុងវិស័ព្រះពុទ្ធសាសនា៕
សូមជូនពរបងប្អូនប្រជាពលរដ្ឋទទួលបានសេចក្ដីសុខគ្រប់ៗគ្នា។​