ឯកឧត្តម រ៉ែម សាមឿន និងឯកឧត្តម ហេង ទ្រី ចុះចែកជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋដែលខ្វះខាត ក្នុងក្រុងពោធិ៍សាត់ ដើម្បីជួយដោះស្រាយជីវភាពរបស់ពួកគាត់មួយរយៈ បន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជំងឺកូវីដ១៩


(ពោធិ៍សាត់)៖ ក្នុងអំឡុងពេល២៣ថ្ងៃកន្លងមក គិតចាប់ពីថ្ងៃទី១៥ ខែមីនា រហូតដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ, អង្ករជាង១០តោន រួមទាំងគ្រាប់ពូជបន្លែកសិកម្ម ស្បៀង និងសម្ភារៈមួយចំនួនធំ ត្រូវបានក្រុមការងារ ដែលដឹកនាំដោយឯកឧត្តម រ៉ែម សាមឿន និងឯកឧត្តម ហេង ទ្រី សមាជិកក្រុមប្រឹក្សាខេត្ត ក្រោមកិច្ចចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះចែកជូន ដល់ខ្នងផ្ទះប្រជាពលរដ្ឋដែលខ្វះខាត ក្នុងក្រុងពោធិ៍សាត់ ដើម្បីជួយដោះស្រាយជីវភាពរបស់ពួកគាត់មួយរយៈ បន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជំងឺកូវីដ១៩ (Covid-19)។

បើទោះបីជាអំណោយទាំងនេះ មិនបានបំពេញតាមតំរូវការរបស់បងប្អូនក៏ពិតមែន តែក៏អាចជួយសម្រាលការលំបាកបានមួយកំរិតផងដែរ។ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត និងសាបព្រោះគ្រាប់ពូជដំណាំដែលបានចែកជូន ជាពិសេសត្រូវរស់នៅស្អាត ហូបស្អាត មានអនាម័យ ដោយត្រូវពាក់ម៉ាស់ ឬប្រើប្រាស់ក្រមានៅកន្លែងសាធារណៈ និងលាងសម្អាតដៃឱ្យបានជាប់ជាប្រចាំ ក្នុងន័យចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩៕