ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ សួរសុខទុក្ខ សំណេះសំណាល និងជូនពរឆ្នាំថ្មីដល់នាយទាហាន នាយទាហានរង និងសិក្ខាកាមនៃកងរាជអាវុធហត្ថ


នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយសួរសុខទុក្ខ សំណេះសំណាល និងជូនពរឆ្នាំថ្មីដល់នាយទាហាន នាយទាហានរង និងសិក្ខាកាមនៃកងរាជអាវុធហត្ថ។

នាពិធីនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងថា «ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង បានដឹកនាំប្រតិភូ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស មកជួបសួរសុខទុក្ខ សំណេះសំណាល និងជូនពរឆ្នាំថ្មី ដែលជាទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរយើង ដែលមានតាំងពីបរមបុរាណកាលមក»។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានពាំនាំនូវក្តីនឹករលឹកបណ្តាំសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានសមាគមជាតិកាកបាទក្រហមកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពល ខេមរភូមិន្ទ ជូនចំពោះ នាយទាហាន នាយទាហានរង សិក្ខាកាម នៃមជ្ឈមណ្ឌលហ្វឺកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ទាំងអស់ និងសូមជូនពរសមប្រកបតែនិង សុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យនូវគ្រប់ភារកិច្ច។
ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ មេបញ្ជាការបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់រាល់ការប្រឹងប្រែង ធ្វើការងារ បង្រៀន បម្រើការ និងរៀនសូត្រ ក្នុងឆ្នាំកន្លងមក ក៏ដូចជាបណ្តាឆ្នាំមុនៗដែរ ។ ការខិតខំទាំងអស់នេះរបស់អស់លោក លោកស្រី បង្កើតបានជាកម្លាំងចលករក្នុងការអនុវត្តន៍យុទ្ធសាស្ត្រផែនការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ពិសេសការធ្វើកំណែទម្រង់កង រាជអាវុធហត្ថ។ ការកែទម្រង់ទាំងនោះលេចធ្លោរួមមាន៖ រចនាសម្ពន្ធចាត់តាំងបុគ្គលិក កសាងហេដ្ឋារចនាសម្ពន្ធ សំណង់បន្ទាយ សាលា មធ្យោបាយ គ្រឿងបំពាក់ និងរបៀបរបបធ្វើការងារ។

ឯកឧត្តមនាយឧត្តមសេនីយ៍បានថ្លែង «ខ្ញុំសូមថ្លែងអំណរគុណ រាល់ការគាំទ្រ របស់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថយើង ដែលមានការយល់ដឹងបានត្រឹមត្រូវ ស្នេហាជាតិពិតប្រាកដ ចូលរួមគាំទ្រការធ្វើកំណែទម្រង់ ដែលដឹកនាំផ្ទាល់ដោយរូបខ្ញុំ។ តាមរយៈកំណែទម្រង់កងរាជអាវុធហត្ថ មានការអភិវឌ្ឍន៍ រីកចម្រើន ធំធាត់លើច្រើនវិស័យ រ៉ាប់រងបាននូវតួនាទី ភារកិច្ច រួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពនយោបាយ»។

ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានរំលឹកថា ចាប់ពីទទួលតួនាទីជា មេបញ្ជាការ ខ្ញុំតែងចាត់ទុកការងារធនធានមនុស្ស ជាភារកិច្ចចម្បងជាកិច្ចការអទិភាព និងជាកត្តាជោគជ័យ ឬបរាជ័យ ក្នុងការបំពេញមុខងារ ជាមេបញ្ជាការ។ បញ្ហាបរិមាណជារឿងម្យ៉ាង តែបញ្ហាគុណភាពគឺជាបញ្ហាគន្លឹះ មានតែសាលាដែលមានមូលដ្ឋានហេដ្ឋារចនា សម្ពន្ធ សម្ភារៈ គាំទ្រគ្រប់គ្រាន់ មានយោធាចារ្យពូកែ មានកម្មវិធី មេរៀនច្បាស់លាស់ ទើបអាចធ្វើនូវកិច្ចការដ៏សំខាន់នេះបាន ក្នុងស្មារតីនេះ ខ្ញុំតែងគិតត្រិះរិះពិចារណា រកទីតាំង ប្រមូលការគាំទ្រ ដើម្បីពង្រឹងសាលាកំបូលដែលមានស្រាប់ និងកសាងសាលាថ្មីគឺ មជ្ឈមណ្ឌលហ្វឺកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយនេះឡើង។ ការខិតខំព្យាយាមជិត ១០ឆ្នាំ ទើបមានមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយបានប៉ុណ្ណេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានបន្តថា «ខ្ញុំសូមយកឱកាសនេះ សូមថ្លែងអំណរគុណសម្តេចតេជោ ដែលលោកផ្តល់ទំនុកចិត្តសម្រេច ប្រគល់ទីតាំងនេះមកឱ្យកងរាជអាវុធហត្ថ សូមអរគុណសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានសម្រេចជ្រើសយកមជ្ឈមណ្ឌលនេះ សម្រាប់ការត្រៀមរៀបចំទទួលធ្វើម្ចាស់ផ្ទះ បាញ់កាំភ្លើងកីឡា កងទ័ពជើងគោកអាស៊ាន សូមអរគុណក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង សាធារណៈការ និងដឹកជញ្ជូន អាជ្ញាធរអគ្គីសនីកម្ពុជា សប្បុរសជន និងបណ្តាប្រទេស ដៃគូរសហប្រតិ បត្តិការជាមិត្ត ដែលបានជួយគាំទ្រឧបត្ថម្ភ នូវគំនិតផ្តួចផ្តើមរបស់ខ្ញុំ ដែលទីនេះនិងក្លាយជាប្រយោជន៍ប្រវត្តិសាស្ត្រ ក្នុងការបណ្តុះបណ្តាល កសាងប្រភពធនធានមនុស្ស ក្នុងវិស័យ សន្តិសុខ និងការពារជាតិ»
ងាកមករឿងយើងនាពេលនេះវិញ គឺសភាពការណ៍ពិភពលោកទាំងមូល កំពុងទទួលរងនូវការរាតត្បាតដោយជំងឺឆ្លងកូវីដ-១៩(Covid-19) មកទល់និងពេលនេះ ពុំទាន់មានឱសថណា ដែលអាចចាក់ការពារ ឬព្យាបាលពិតប្រាកដនៅឡើយ ចំនួនឆ្លងគឺរាលដាលយ៉ាងឆាប់រហ័ស ដែលពីដំបូងផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តអ៊ូប៉ិយ ប្រទេសចិន បច្ចុប្បន្នបានឆ្លងនៅគ្រប់ប្រទេសទាំង ២០៨ លើ សកលលោក ធ្ងន់ធ្ងរបំផុតគឺប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជឿនលឿន គឺមានមនុស្សឆ្លងជំងឺនេះ និងស្លាប់ច្រើន។ ដោយសារភាពកាចសាហាវនៃវីរុសនេះរដ្ឋាភិបាលនៅលើ ពិភពលោក បានបិទប្រទេស បណ្តាលធ្វើឱ្យចង្វាក់ផលិតកម្ម ចរាចរទំនិញ និងការធ្វើដំណើរជាប់គាំង ប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងប្រក្រតីភាពសង្គមទាំងមូល។

ចំពោះប្រទេសកម្ពុជាយើងវិញ ជំងឺនេះមានអ្នកឈឺជាដំបូងគឺជនជាតិចិន នៅខេត្តព្រះសីហនុ បន្ទាប់មកជនជាតិខ្មែរ ឆ្លងពីជនជាតិជប៉ុននៅខេត្តសៀមរាប បន្ទាប់មកទៀតគឺនៅខេត្តកំពង់ចាម អ្នកធ្វើដំណើរតាមកប៉ាល់ទេសចរណ៍ មកពីប្រទេសវៀតណាម ក្រោយបន្ទាប់គឺបងប្អូនខ្មែរដែលទៅធ្វើសាសនា នៅប្រទេសម៉ាឡេស៊ី ចម្លងមកពីជនជាតិបារាំង និងថ្មីៗនេះ ឆ្លងពីជនជាតិចិន។ ទោះជាចំនួនអ្នកឆ្លងនៅមានចំនួនតិចក្តី តែពេលនេះបងប្អូនពលករ ដែលវិលត្រឡប់មកចូលឆ្នាំផង និងគ្មានការងារធ្វើផងពីប្រទេសថៃ កូរ៉េ ជប៉ុន ដែលជាប្រទេសមានការឆ្លងផងដែរ គឺជាក្តីបារម្មណ៍។ ចឹងហើយឆ្នាំនេះ រាជរដ្ឋាភិបាលហាមការប្រារព្ធពិធីចូលឆ្នាំ ហើយគ្រប់ស្ថាប័នរដ្ឋ និងឯកជនធ្វើការជាធម្មតា។

ជាចុងក្រោយ នាយឧត្តមសេនីយ៍ មេបញ្ជាការ បានផ្តល់នូវដំបូន្មាន និងវិធានការល្អៗ ដើម្បីប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩(Covid-19) និងអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថដូចខាងក្រោម៖

*ហូបមានជីវជាតិគ្រប់គ្រាន់ និងទៀងទាត់
*សម្រាកគ្រប់គ្រាន់ និងទៀងទាត់
*ហ្វឹកហាត់កីឡា ឬហាត់ប្រាណជាប្រចាំ និងទៀងទាត់
*ធ្វើអនាម័យ សម្អាតរាងកាយ សម្លៀកបំពាក់ ផ្ទះសម្បែង ការិយាល័យធ្វើការ និងមធ្យោបាយ ឧបករណ៍ សម្ភារៈប្រើប្រាស់
*សម្រាប់បង្ការវីរុស កូវីដ-១៩(Covid-19) ត្រូវអនុវត្តតាមវិធានក្រសួងសុខាភិបាល
*សូមស្តាប់ និងធ្វើតាមតែក្រសួងសុខាភិបាលមួយប៉ុណ្ណោះ ហាមទិញថ្នាំឬឧបករណ៍ ដែលនាំមកលក់ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល
*ត្រូវមានស្មារតីនឹងនរ កុំតក់ស្លុត និងបង្កើតបរិយាកាសធ្វើឱ្យក្នុងចិត្តមានអារម្មណ៍សប្បាយ រីករាយជានិច្ច ។ ត្រូវតែមានជំនឿថា មនុស្សយើងពិតជាយកឈ្នះលើមេរោគជំងឺឆ្លងកូវីដ-១៩(Covid-19) នេះ។
*បើសង្ស័យថាខ្លួនឆ្លងមេរោគ មានអាការៈមិនធម្មតាក្នុងខ្លួន ប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឱ្យគ្រូពេទ្យឯកទេសធ្វើការពិនិត្យ
*បើការពិនិត្យរបស់គ្រូពេទ្យឯកទេសរកឃើញថាខ្លួនយើងផ្ទុកមេរោគ ហើយងមានជំងឺ គឺត្រូវតែទៅសម្រាកព្យាបាលតាមការកំណត់របស់គ្រូពេទ្យ។

ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាឲ្យកងកម្លាំង ត្រៀមខ្លួនអនុវត្តបទបញ្ជា ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបង្ក្រាបបទល្មើស ព្រមទាំងចាត់តាំងដាំបន្លែ និងចិញ្ចឹមសត្វ អាវុធហត្ថម្នាក់ដាំបន្លែ ៣០Kg និងចិញ្ចឹមសត្វ ១២ក្បាល។

ឯកឧត្តមនាយឧត្តមសេនីយ៍ថា ពិតមែនតែមិនអនុញ្ញាតឱ្យរៀបចំពីធីជប់លៀង ផឹកស៊ីគ្រឿងស្រវឹង រាំរែក ក្រៅពីថវិកា ៥០.០០០ (ហាសិបពាន់)រៀល ដែលរាជរដ្ឋាភិបាលផ្តល់សម្រាប់ចូលឆ្នាំ មេបញ្ជាការ និងបង្កើនម្ហូបជាសាច់ម្នាក់ៗ កន្លះគីឡូក្រាម ក្នុង ១ថ្ងៃ រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២០៕