មន្រ្តីទេសចរណ៍អាស៊ានប្រជុំគ្នារកវិធីដោះស្រាយផលប៉ះពាល់ ដោយសារ COVID-19 លើវិស័យទេសចរណ៍


ក្នុងនាមកម្ពុជាជាប្រទេសម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២១ (ATF2021) ក្រសួងទេសចរណ៍បានទំនាក់ទំនង និងសហការជាមួយលេខាធិការអាស៊ាន ដើម្បីរកវិធីដោះ ស្រាយវិបត្តិរួមក្នុងតំបន់ ហើយដោយមានការគាំទ្រពីប្រទេសសមាជិកអាស៊ាន នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍផលិតផលទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានបើកកិច្ចប្រជុំពិសេសថ្នាក់ស្ថាប័នជាតិទេសចរណ៍អាស៊ានស្តីពីផលប៉ះពាល់កូវីដ-១៩ លើវិស័យទេសចរណ៍ តាមរយៈសន្និសីទវីដេអូ (Video Conference) នៅទីស្ដីការក្រសួងទេសចរណ៍។

អង្គប្រជុំបានពិភាក្សាលើយន្តការសម្របសម្រួល ការផ្លាស់ប្តូរព័ត៌មាន និងការអនុវត្តល្អៗរវាងប្រទេសសមាជិកអាស៊ានលើការកាត់បន្ថយភាពតានតឹង និងវិធានការចាំបាច់សំខាន់នានា ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសេដ្ឋកិច្ច ដែលបានជួបប្រទះក្នុងកំលុងពេលរាតត្បាតនៃជំងឺកូវីដ-១៩។

អង្គប្រជុំក៏បានពិភាក្សាបន្ថែមទៀតលើការដាក់ចេញនូវវិធានការ និងសេចក្តីព្រាងថ្លែងការរួមក្នុងការទប់ស្កាត់ និងដោះស្រាយវិបត្តិបណ្តាលមកពីកូវីដ-១៩ ដើម្បីពិនិត្យលទ្ធភាពក្នុងការបង្កើតឲ្យ មានសន្និសីទវីដេអូ (Video Conference) សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន ពិភាក្សា ពិនិត្យ និងសម្រេចនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២១ វេទិកាទេសចរណ៍អាស៊ាន (ATF2021) នឹងត្រូវរៀបចំធ្វើឡើងនៅកម្ពុជា ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងអនាគតតែមួយ ឬ ASEAN A Community of Peace and Shared Future»។

វេទិកានេះនឹងមានព្រឹត្តិការសំខាន់ៗ ដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ាន (NTOs Meeting) និងកិច្ចប្រជុំពាក់ព័ន្ធ កិច្ចប្រជុំផ្នែកឯកជន សិក្ខសាលា ព្រមទាំងមានព្រឹត្តិការពិព័រណ៍ទេសចរណ៍អន្តរជាតិ (TRAVEX) ផងដែរ។

កិច្ចប្រជុំខាងលើនេះនឹងមានការអញ្ជើញចូលរួមដោយរដ្ឋមន្ត្រីទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា និងប្រទេសដៃគូពិភាក្សាអភិវឌ្ឍន៍មួយចំនួនទៀត៕