សម្តេចតេជោ ហ៊ុន សែន៖ ដើម្បីសុវត្ថិភាពរបស់ជាតិ គ្មានជម្រើសអ្វីល្អជាងការបិទការធ្វើដំណើរឆ្លងខេត្តឡើយ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សម្តេចគ្មានជម្រើសណាល្អជាងការបិទមិនឱ្យធ្វើដំណើរឆ្លងរាជធានី-ខេត្តនោះឡើយ ដើម្បីធានាដល់សុវត្ថិភាពរបស់ជាតិ ពីជំងឺកូវីដ១៩។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើស្របពេលសម្តេចដាក់ចេញបទបញ្ជាបន្ទាន់មួយឱ្យបិទការធ្វើដំណើរឆ្លងរាជធានី-ខេត្ត ចាប់ពីយប់ថ្ងៃទី០៩ រហូតដល់ថ្ងៃយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។

សម្តេចតេជោ បានបញ្ជាក់លើ Facebook យ៉ាងដូច្នេះ «ដើម្បីសុវត្តិភាពរបស់ជាតិ និងជិវិតរបស់ប្រជាជន ខ្ញុំពុំមានជម្រើសអ្វីឱ្យល្អជាងការចេញបទបញ្ជារបែបនេះទេ។ ប្រសិនមានច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្នប្រហែលជាច្បាប់នោះត្រូវយកមកអនុវត្តន៍នាពេលនេះដែរ»

ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏សូមការយោគយល់ពីសំណាក់ជនរួមជាតិក្នុងគ្រាដ៏លំបាកនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យគ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់៕