បងប្អូនកម្មករបន្តធ្វើការងារជាធម្មតា​ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល​


 

(ភ្នំពេញ)៖ បងប្អូនកម្មករ កម្មការិនីរោងចក្រ បាន​បង្ហាញការប្តេជ្ញាចិត្តមិនឈប់សម្រាកទៅស្រុកកំណើតក្នុងពេលថ្ងៃបុណ្យចូលឆ្នាំខ្មែរនោះទេ ដោយនៅបន្តធ្វើការងារជាមួយធម្មតា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល។

តាមរយៈសារបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១១ ខែមេសានេះ បងប្អូនកម្មករបានសរសេរថា៖ «ពួកខ្ញុំមកធ្វើការងារជាធម្មតា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរ និងតម្រូវឲ្យស្ថាប័នរដ្ឋ និងឯកជនបន្ដធ្វើការងារធម្មតា ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខែ្មរប្រពៃណីជាតិនាឆ្នាំនេះ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនឹងកំណត់ចំនួនថ្ងៃត្រូវសងការឈប់សម្រាកចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះចំនួន ៥ថ្ងៃ ជូនបងប្អូនកម្មករនិយោជិតវិញនូវពេលវេលាសមស្របណាមួយនៅពេលខាងមុខ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយដោយបានកំណត់ដល់កម្មករ-និយោជិតទាំងអស់ ដែលបានឈប់សម្រាកទៅលេងស្រុកក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ នៅពេលវិលត្រឡប់មកវិញនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេ តាមវិធានចត្តាឡីស័កសុខាភិបាលចំនួន ១៤ថ្ងៃ។

ក្រសួងបានបញ្ជាក់ថា ការអនុវត្តបែបនេះធ្វើឡើង ដើម្បីបង្ការកុំឲ្យមានការចម្លងជំងឺកូវីដ១៩ ទៅកម្មករនិយោជិត និងបុគ្គលិកដទៃ ក្នុងករណីដែលអ្នកអវត្តមានទាំងនោះបានប៉ះពាល់ ឬជួបជុំ ឬធ្វើដំណើរឆ្លងកាត់តំបន់មានជំងឺកូវីដ១៩៕