សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល សប្បាយចិត្ត ជាពិសេសឪពុកម្តាយ ក្រុមគ្រួសារបងប្អូនក្មួយៗ សប្បាយចិត្ត ពេលឃើញក្មួយៗ កំពុងបន្តធ្វើការងារ


(ភ្នំពេញ)៖ កាលពីថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ បងប្អូន​បុគ្គលិកនិយោជិត ពិសេស​បងប្អូនកម្មករកាត់ដេរ នៅបន្ត​ការងារ ជាធម្មតា​។ ចំពោះ​វត្តមានរបស់កម្មករនិយោជិត​ នៅបន្តការងារជាធម្មតា នៅមុន និង​ពេលចូលឆ្នាំនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងថា រាជរដ្ឋាភិបាល សប្បាយចិត្ត ជាពិសេសឪពុកម្តាយ ក្រុមគ្រួសារបងប្អូនក្មួយៗ សប្បាយចិត្ត ពេលឃើញក្មួយៗ កំពុង​បន្ត​​ធ្វើការ​ដូច្នេះ។

នៅលើហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «ពេលដែលបានឃើញកូនក្មួយ កំពុងបន្តធ្វើការនៅក្នុងរោងចក្រ ដែលមានអនាម័យ និងសុវត្ថិភាព គឺរាជរដ្ឋាភិបាលសប្បាយចិត្ត ជាពិសេស ឪពុកម្តាយ ក្រុមគ្រួសារ បងប្អូនក្មួយៗសប្បាយចិត្ត ព្រោះបានដឹងថា កូនក្មួយកំពុងធ្វើការនៅក្នុងកន្លែងដែលមានសុវត្ថិភាពបំផុតមួយ ស្របពេលដែលប្រទេសជាតិយើងកំពុងដាក់បម្រាមផ្អាកមិនអោយពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវបំផុតនេះ»។

សម្តេចតេជោ ហ៊ុន សែន បន្តថា «អរគុណកូនក្មួយកម្មករទូទាំងប្រទេស ដែលបានចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសជាតិយើង»៕