សម្ដេចតេជោ ៖ ដោយសារជំងឺកូវីដ១៩ នេះងាយឆ្លងលឿនសាហាវពេក ទើបរាជរដ្ឋាភិបាលសម្រេចដាក់បម្រាមហាមមិនអោយពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅកាន់ខេត្តមួយ


ភ្នំពេញ ៖ ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិគឺនឹងមកដល់នៅថ្ងៃទី ១៣-១៦ មេសា ស្អែកនេះ។ បងប្អូនប្រជាពលរដ្ឋអាចប្រារព្ធពិធីសែនទទួលទេវតាឆ្នាំថ្មីនៅតាមគេហដ្ឋានរៀងៗខ្លួន។ ចំពោះការប្រមូលផ្តុំមនុស្សច្រើននៅតាមវត្តអារាម រួមទាំងកម្មវិធីកំសាន្តសប្បាយនានានៅតាមទីធ្លាសាធារណៈ និងតាមបណ្តាវត្តទូទាំងប្រទេសគឺត្រូវបានផ្អាកសម្រាប់ឆ្នាំនេះ ដោយសារប្រទេសយើងកំពុងចូលរួមប្រយុទ្ធប្រឆាំងកម្ចាត់មេរោគឆ្លងកូវីដ-១៩ ជាមួយពិភលោក។ ចំពោះមុខ គឺអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋសំខាន់ខ្លាំងបំផុត។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូច្នេះនៅលើទំព័រហ្វេកប៊ុករបស់សម្ដេចផ្ទាល់ នៅព្រឹកថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ។

សម្ដេចតេជោ មានប្រសាសន៍ថា ទន្ទឹមនឹងនេះ​ គឺមានវិធីចាំបាច់ងាយៗមួយចំនួនដែលពលរដ្ឋអាចធ្វើបានដើម្បីការពាររោគឆ្លងកូវីដ១-៩ គឺត្រូវពាក់ម៉ាស ឬក្រមា, ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ទឹកអាល់កុល ឬជិលសម្លាប់មេរោគនិងបាក់តេរី, កុំនៅផ្តុំគ្នាច្រើន, កុំបម្លាស់ប្តូរទីពីកន្លែងមួយទៅកន្លែងមួយក្នុងពេលដែលមានការរីករាលដាលឆ្លងដែលយើងមើលមិនឃើញ ដែលអាចនាំមេរោគពីយើងទៅគេ ឬពីគេមកយើងទាំងក្នុងពេលធ្វើដំណើរ និងក្នុងពេលស្នាក់អាស្រ័យនៅជាដើម។

សម្ដេចតេជោ បន្តថា ដោយសារជំងឺកូវីដ១៩ នេះងាយឆ្លងលឿនសាហាវពេក ទើបរាជរដ្ឋាភិបាលសម្រេចដាក់បម្រាមហាមមិនអោយពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅកាន់ខេត្តមួយ និងបានលើកថ្ងៃចូលឆ្នាំខ្មែរ២០២០ ទៅពេលក្រោយដែលនឹងសងជូនថ្ងៃឈប់សម្រាក (៥) ថ្ងៃមកវិញ នៅពេលណាដែលប្រទេសជាតិវិលត្រឡប់មកកាន់ស្ថានភាពធម្មតាគ្មានជំងឺកូវីដ-១៩។

អរគុណមន្រ្តីរាជការ ក្រុមហ៊ុនឯកជន និងក្មួយៗកម្មករដែលចូលរួមប្រយុទ្ឋប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ដោយបន្តធ្វើការងារជាធម្មតានៅក្នុងកំឡុងពេលចូលឆ្នាំនេះ។

សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ជួបតែសេចក្តីសុខ និងសំណាងល្អនៅក្នុងឱកាសនៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ ២០២០៕