លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារជូនពរ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ


 

(ភ្នំពេញ)៖ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធស័ករាជ ២៥៦៣ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាមគោរាគទេវី បុត្រីទី២ នៃកបិលមហាព្រហ្ម សូមប្រោះព្រះសព្វសាធុការពរជ័យ សិរីសួស្តីវិបុលសុខ មហាប្រសើរជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា  និងអធិការកិច្ច សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា មានសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងសម្រេចបានជោគជ័យ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងការអនុវត្តការងារដែលស្ថាប័នឬអង្គភាពបានប្រគល់ជូន។

 

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមយកឱកាសនេះ ថ្លែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលដែល ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា សម្រេចបានជូនស្ថាប័ននាពេលកន្លងមក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងគ្រប់សកម្មភាពរបស់ក្រសួង ក៏ដូចជាកិច្ចការសង្គមផ្សេងៗ ដើម្បីរួមចំណែកឈានទៅសម្រេចបាននូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។