គណៈកម្មការ​ប្រយុទ្ធ​ជំងឺ​កូវីដ​១៩​ ខេត្តកំពង់ចាម​ ទទួល​ថវិកា​ឧបត្ថម្ភ​ពី​ មន្ត្រី​រាជការ​នៃ​រដ្ឋបាល​សាលា​ខេត្ត​


កំពង់ចាម​: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩​ ខេត្តកំពង់ចាម រួមនឹង​លោក​ លោកស្រី​ អភិបាលរងខេត្ត នារសៀល​ថ្ងៃ​ទី​៦​ ខែមេសា​ ឆ្នាំ​២០២០នេះ​ បាន​អញ្ជើញ​ចូលរួម​ទទួលថវិកាចំនួន១៦.០៥០.០០០រៀល ពីមន្ត្រីរាជការនៃសាលាខេត្តកំពង់ចាម ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩​ ដេីម្បី​រួម​គ្នា​បង្ការ​ទប់ស្កាត់​ការ​រីករាលដាល​ នៃ​វីរុស​កូរ៉ូណា (កូវីដ១៩) នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​ ក៏ដូចជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំង​មូល​ផង​ដែរ​។ ​

គួរ​រំលឹក​​ផង​ដែរថា​ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ និង​ក្រសួង​សុខាភិបាល​ផង​នោះ​ រដ្ឋបាលខេត្តកំពង់ចាម បាន​សម្រេច​រៀបចំកន្លែងព្យាបាលអ្នកជំងឺ កូវីដ១៩ ចំនួន៤កន្លែងក្នុងក្រុងកំពង់ចាម​ ​ក្នុង​នោះ​រួម​មាន​ ១-មន្ទីរពេទ្យខេត្ត ចំនួន២អគារ មាន១៤បន្ទប់ ស្មើចំនួន៦២គ្រែ (អ្នកជំងឺកំពុងសម្រាកព្យាបាល)។ ២-សណ្ឋាគារមេគង្គ មានចំនួន៧១បន្ទប់ ស្មើចំនួន១៤២គ្រែ។ ៣-សាលាគរុកោសល្យភូមិភាគ មានអគារអន្តេវេសិកដ្ឋានមាន ៤០បន្ទប់ ស្មើចំនួន១២០គ្រែ ក្រុមការងារបានរៀបចំបំពាក់សំភារ:បន្ទប់ទឹក ប្រព័ន្ធអគ្គីសនី ទឹកស្អាត និងគ្រែអ្នកជំងឺ។៤-អាគាររៀនចំនួន២អគារ មាន​ចំនួន៥៤បន្ទប់ ស្មើចំនួន៤៣២គ្រែ ក្រុមការងារបានរៀបចំសំអាត និងបំពាក់សំភារ:បន្ថែម។ សរុបចំនួន៤អគារ មានបន្ទប់ចំនួន១៧៩បន្ទប់ ស្មើចំនួន៧៥៦គ្រែ​ ដោយទីតាំងធំទូលាយមានខ្យល់ កាសចេញចូល គ្រប់គ្រាន់ និងបន្ទប់ប្រកបដោយផាសុកភាពផងដែរ​ ៕