គ្រួសារកូនភ្លោះ ៣នាក់ ​នៅក្រុងប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ ទទួលអំណោយ​សម្ដេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​


ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០  គ្រួសារកូនភ្លោះ៣នាក់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានទទួលអំណោយ​សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពី​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ​ដែលបាន​រួមចំណែកជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់គ្រួសារ ។

ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ​បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយសប្បុរធម៌ដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ​ព្រឹទ្ធ​​​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លើកទី៣៦០នេះ (គ្រួសារមានកូនភ្លោះ ៣នាក់នៅទូ​ទាំង​ប្រទេស) បានប្រគល់ជូនគ្រួសារកូនភ្លោះ ៣នាក់នេះដែលស្ថិតនៅ ភូមិប្រជាធម្មលិច សង្កាត់​ផ្សារកណ្តាល ក្រុងប៉ោយប៉ែតនៃ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះឯកឧត្តម សេង ទៀង បានមានប្រសាសន៍ដោយនាំពាំនូវការសួរសុខ​ទុក្ខរបស់​សម្តេចតេជោ ហ៊ុន​ សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដល់ក្រុម​គ្រួសារកូនភ្លោះ៣​នាក់នេះ​​។ ឯកឧត្តមបានបញ្ជាក់ថា​ជានិច្ចកាលសម្តេចទាំងទ្វេតែងតែយកចិត្តទុក​ដាក់ក្នុងការ​ជួយដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងជាពិសេសនោះចំពោះគ្រួសារដែលមានកូនភ្លោះ៣នាក់ដោយបានចាត់ទុកជាចៅរបស់សម្តេចទៀតផង។

អំណោយរបស់សម្តេចតេជោ ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានប្រគល់ជូននា​ពេលនេះរួមមាន អង្ករ​ចំនួន ២០០គីឡូក្រាម ស្កសរ៥គីឡូក្រាម ទឹកដោះគោម្សៅ ១កេសធំ សារុង២ ក្រមា២ និងថវិកាចំនួន ៥,០០០,០០០រៀល (ប្រាំលានរៀ​ល)។

សូមជម្រាបជូនថា គ្រួសារប្រជាពលរដ្ឋ ដែលសម្រាលបានកូនភ្លោះ៣នោះ មានឪពុក​ឈ្មោះ ខន យ៉ាន អាយុ ៣៥ឆ្នាំ និងម្ដាយឈ្មោះ ជួប ចិត្ត អាយុ ៣២ឆ្នាំ និងនាមឈ្មោះ​កូនភ្លោះទាំង ៣នាក់នេះ រួមមាន៖ កូនស្រីទី១ ឈ្មោះ កឹម ឡង, ​កូនស្រីទី២ ឈ្មោះ កឹម ឡា និងកូន​ស្រី​ទី៣ ឈ្មោះ កឹម ឡៃ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ៕