រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ


ព្រឹកថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅទីស្តីការក្រសួង ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំការងារ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីជាន់ខ្ពស់ មន្ត្រីបច្ចេកទេស និងថ្នាក់ដឹកនាំមន្ទីរធនធានទឹក និងឧតុនិយមទាំង ២៥ រាជធានី-ខេត្ត សរុបចំនួន ១០៣ រូប ។
ក្នុងពេលកន្លងមក ក្រសួង រៀបចំឱ្យមានក្រុមការងារ ចំនួន ១៣ ក្រុម ដើម្បីចុះសិក្សា និងបង្កើតឡើងនូវទស្សនវិស័យសម្រាប់ការគ្រប់គ្រង ការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងព្រែកនាំដីល្បាប់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។ ទិន្នន័យ ព័ត៌មាន ដែលក្រុមការងារ បានរៀបចំ និងចងក្រងឡើង ត្រូវបានលើកយកមកប្រជុំ ពិភាក្សា នាព្រឹកនេះ ក្នុងគោលបំណង ៖
១. ក្តាប់នូវសក្តានុពលទឹកឱ្យបានគ្រប់ជ្រុងជ្រោយ និងឈានទៅគ្រប់គ្រងឱ្យបានល្អប្រសើរ
២. បង្កើតនូវទស្សនវិស័យសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ប្រកបដោយលក្ខណៈបច្ចេកទេសវិទ្យាសាស្ត្រតាមបែបទំនើប
៣. គ្រប់គ្រង​ សម្របសម្រួល និងបែកចែកទឹក ឱ្យបានសមស្រប
៤. ពិនិត្យ វាយតម្លៃលើសមិទ្ធផលដែលបានសាងសង់រួច ដើម្បីធ្វើការបំពេញបន្ថែមឱ្យក្លាយជាប្រព័ន្ធមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងធ្វើការថែទាំឱ្យបានល្អ សំដៅប្រើប្រាស់ឱ្យបានយូរអង្វែង ។
កិច្ចប្រជុំការងារនេះ គ្រោងធ្វើក្នុងរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ០៩-១០ ខែកុម្ភៈ ឆ្នាំ ២០១៧ នេះ ៕