ស្ថាប័នរដ្ឋ និងឯកជន បើកទ្វារធ្វើការជាធម្មតា តាមការណែនាំរបស់រាជរដ្ឋាភិបាល


(ភ្នំពេញ)៖ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បម្រើការងារនៅតាមក្រសួងស្ថាប័នរដ្ឋ ក៏ដូចជាកម្មករ និយោជិត បុគ្គលិក នៅតាមរោងចក្រសហគ្រាស និងក្រុមក្រុមហ៊ុននានា នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០ ត្រូវបានរាយការណ៍ថា បានបើកធ្វើការងារជាធម្មតាតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ គឺជាថ្ងៃដែលសង្ក្រាន្តឆ្នាំថ្មីនឹងឈានចូលដល់នៅវេលាម៉ោងប្រមាណជា ៨យប់ ដែលជាទម្លាប់រៀងរាល់ឆ្នាំជាពេលដែលប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ត្រូវសម្រាកពីការងាររៀងៗខ្លួន ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីៗប្រពៃណីជាតិនេះ។

តែសម្រាបឆ្នាំ២០២០នេះ ការឈប់សម្រាកដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិមិនត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យឈប់សម្រាកនោះឡើយ។ ការមិនអនុញ្ញាតឱ្យឈប់សម្រាក ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ការជួបជុំរបស់ប្រជាពលរដ្ឋ គឺជាមូលហេតុមួយក្នុងមូលហេតុជាច្រើនទៀត ដែលអាចនាំឱ្យជំងឺកូវីដងាយរីករាលដាលពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត។ ការជួបជុំរបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នាំឱ្យមានការព្រួយបារម្ភថា អាចបណ្តាលឱ្យមានការផ្ទុះឡើង ឬរីករាលដាលកាន់តែនៃជំងឺកូវីដ១៩ ហេតុនេះហើយទើបរាជរដ្ឋាភិបាលសម្រេចមិនឱ្យមានការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ។

នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០នេះ គេបានសង្កេតឃើញថា ទិដ្ឋភាពតាមដងផ្លូវក្នុងរាជធានីភ្នំពេញ គឺមានចរាចរណ៍របស់យានយន្តនានាជាធម្មតា។ ទិដ្ឋភាពនេះ បង្ហាញថា មន្ត្រីរាជការ កម្មករ និយោជិត និងបុគ្គលិកនៅតាមស្ថាប័នរដ្ឋ និងឯកជន នៅតែបន្តនាំគ្នាទៅធ្វើការជាធម្មតា។

ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅថ្ងៃនេះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញមកបំពេញការងារជាធម្មតា។ ក្រៅពីក្រសួងមន្ត្រីបម្រើការងារនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូននៅទូទាំងប្រទេស ក៏បានបំពេញការងារជាធម្មតាផងដែរ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ក៏បានឱ្យដឹងផងដែរថា នៅក្រសួងអប់រំ យុវជន និងកីឡា ទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងមកបំពេញការងារជាធម្មតា។ ក្រៅពីនោះមន្ត្រីរាជការនៅតាមមន្ទីរ ក៏បានមកបំពេញការងារជាធម្មតាផងដែរ។ ក្រៅពីក្រសួងទាំងពីរនេះ នៅតាមក្រសួងស្ថាប័នរដ្ឋផ្សេងៗទៀត ក៏ត្រូវបានរាយការណ៍ថា មន្ត្រីរាជការនៅតែបំពេញការងារជាធម្មតា មិនមានក្រសួងណាឈប់សម្រាកនោះឡើយ។

ក្រៅពីស្ថាប័នរដ្ឋ នៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុន ស្ថាប័នឯកជន និងអាហារដ្ឋានផ្សេងៗនៅក្នុងរាជធានីភ្នំពេញ ក៏នៅតែបន្តបើកទ្វារធ្វើការជាធម្មតាផងដែរ។ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រលើសពី៩៥% បានដំណើរការការងារជាធម្មតា ហើយកម្មករ កម្មការិនី ក៏បានបម្រើការងារជាធម្មតា។

ឯកឧត្តម ហេង សួរ បានបញ្ជាក់យ៉ាងដូច្នេះ «គិតត្រឹមម៉ោង ៧:៣០នាទីព្រឹកនេះ រោងចក្រទាំងអស់ដែលបានដំណើរការកាលពីថ្ងៃសៅរបានបើកដំណើរការធម្មតា។ បន្ថែមពីនេះនៅខេត្តស្វាយរៀង រោងចក្រដែលបានឈប់សម្រាកកាលពីថ្ងៃសៅរ៍ ក៏បានបើកដំណើរការវិញនៅថ្ងៃនេះ។ ជារួមគឺរោងចក្រលើស៩៥%បានដំណើរការ រីឯកម្មកររោងចក្រក៏បានមកធ្វើការធម្មតា»។

សូមបញ្ជាក់ថា ដើម្បីជាវិធានការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលមិនត្រឹមតែលើកពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំនោះទេតែក៏បានសម្រេចបិទការធ្វើដំណើររបស់ប្រជាពលរដ្ឋ ឆ្លងពីខេត្តមួយ ទៅខេត្តមួយផងដែរ។ បន្ថែមពីលើនោះ ប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ ត្រូវបានអាជ្ញាធរចាត់វិធានការដោយនាំយកពួកគេ ទៅដាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃថែមទៀតផង៕