លោក ជំទាវ ហ៊ុន ម៉ាណា ដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនគ្រួសារកងទ័ព និងប្រជាពលរដ្ឋជាង១,០០០នាក់ ដោយឥតគិតថ្លៃ


ពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដោយឥតគិតថ្លៃនេះ បានធ្វើឡើងបរិវេណវរៈសេនាតូច៤២២ ចំណុះឲ្យកងពលថ្មើរជើងលេខ៤២ ស្ថិតនៅភូមិតាមន្តសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ក្នុងពិធីនេះ មានការចូលរួមពីលោកមេបញ្ជាការតាមកងពល, មេបញ្ជាការសមរភូមិទិសនីមួយៗ និង ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ។
យោងតាមរបាយការណ៍ពីក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនោះ រួមមាន៖ វះកាត់តូច និងអំបែងគ្រាប់ចំនួន៥០នាក់, ពិនិត្យ និងព្យាបាលមាត់ធ្មេញចំនួន១០០នាក់, ពិនិត្យរោគស្ត្រី១០០នាក់, ពិនិត្យ និងព្យាបាលជំងឺទូទៅចំនួន៦០០នាក់, សម្ភព និងអេកូសាស្ត្រ ចំនួន៨០នាក់, ផ្តល់ថ្នាំសម្លាប់សត្វល្អិតជូនប្រជាជន៥០០ករណី, អប់រំសុខភាពដល់ប្រជាជនដែលមកទទួលសេវាព្យាបាល, ផ្តល់វែនតាចំនួន៣០០គ្រឿង និងផ្តល់ រទេះរុញសម្រាប់អតីតយុទ្ធជនពិការជាច្រើននាក់ផងដែរ។
នៅមុនពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់អាហារពេលព្រឹក និងថ្ងៃត្រង់ មាននំបញ្ចុក នំបុ័ង និងភេសជ្ជ: ផ្តល់ជូនប្រជាពលរដ្ឋ និងកងទ័ព គ្រួសារកងទ័ពបានទទួលទានយ៉ាងឆ្ងាញ់ពិសារ។
សូមជម្រាបថា : មិនមែនជាលើកទី១នោះទេ ដែលក្រុមវិជ្ជសាស្ត្រសម្តេចតេជោ បានធ្វើសកម្មភាពមនុស្សធម៌បែបនេះ ព្រោះកន្លងមកក្រុមវិជ្ជសាស្ត្រសម្តេចតេជោតែងតែធ្វើសកម្មភាព ចុះព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ និងគ្រួសារកងទ័ពជាច្រើនខេត្តតាមគោលដៅមួយចំនួនរួចមកហើយ។
ប្រជាពលរដ្ឋ ដែលបានមកទទួលការពិនិត្យ និងព្យាលជំងឺ នាពេលនេះ សុទ្ធតែបានបង្ហាញ ភាពរីករាយ ចំពោះសកម្មភាព របស់ក្រុមវេជ្ជសាស្ត្រសម្តេច តេជោ ដែលបានចុះ ពិនិត្យជំងឺទូទៅ និងព្យាបាលជំងឺជូនពួកគាត់ ដោយឥតគិតថ្លៃ ជាការចូលរួមកាត់បន្ថយ លើការចំណាយរបស់ពួកគាត់ បានមួយគ្រា សម្រាប់ការថែទាំសុខភាព។
ដូចច្នេះតាមរយៈសកម្មភាពនេះ គឺជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបម្រើសេវាសុខាភិបាល បង្ខិតឲ្យនៅជិតប្រជាជន និងឲ្យពួកគាត់មានភាពងាយស្រួល។