រដ្ឋមន្ដ្រីកសិកម្ម ស្នើឲ្យរោងម៉ាស៊ីនកិនស្រូវទូទាំងខេត្តតាកែវ ជួយប្រមូលទិញស្រូវពីប្រជាកសិករមកស្ដុបទុក ដើម្បីជួយដោះស្រាយទីផ្សារស្រូវ


(តាកែវ)៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ បានស្នើដល់ម្ចាស់ រោងម៉ាស៊ីនស្រូវទូទាំងខេត្តតាកែវ ជួយប្រមូលទិញស្រូវ ពីប្រជាកសិករយកមកស្តុកទុកឲ្យអស់ពីលទ្ធភាព ដើម្បីជួយដោះស្រាយទីផ្សារស្រូវរបស់កសិករ។

ការស្នើយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន អញ្ជើញចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម (ឡសម្ងួត ឃ្លាំងស្តុក ម៉ាស៊ីនកិន វេចខ្ចប់ និងមន្ទីរ ពិសោធន៍) ក្នុងរោងម៉ាស៊ីនកិនស្រូវហ្គោដិនដូនកែវ នៅសង្កាត់រកាក្រៅ ក្រុងដូនកែវ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ។

ក្នុងនោះក៏មានការចូលរួមអមដំណើរ ពី ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ, ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម សហការី និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាច្រើនរូបទៀតផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានផ្ញើក្តីសង្ឃឹម និងជឿជាក់លើរោងម៉ាស៊ីនថា នឹងបន្តចូលរួមសហការឲ្យបានល្អ ដើម្បីជួយជំរុញការនាំចេញមាសស ឲ្យទទួលបានជោគជ័យតាមគោលដៅរំពឹងទុក និងជាពិសេសចូលរួមសហការ អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ហាមនាំចេញអង្ករស បានពេញលេញ។

ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ថា «រោងម៉ាស៊ីនកិនស្រូវទូទាំងខេត្តតាកែវ ត្រូវជួយទិញប្រមូលស្រូវ ពីប្រជាកសិករយកមកស្តុកទុកឲ្យអស់លទ្ធភាព ដើម្បីជួយដោះស្រាយ ទីផ្សារស្រូវរបស់ពួកគាត់ និងជួយធានានូវបរិមាណស្តុកស្រូវ ដើម្បីធានាសុវត្ថិភាពស្បៀង សម្រាប់រយៈពេលវែង»

បើតាមលោក ថៃ វីឡុង អ្នកគ្រប់គ្រងទូទៅរោងម៉ាស៊ីន បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនប្រមូលទិញស្រូវ គ្រប់ប្រភេទបានចំនួន ៩៦,៣៨៦តោន និងឆ្នាំ២០២០ នេះបាន៦៥,៣៧៥តោន។ ដោយឡែកក្នុងឆ្នាំ២០១៩ នាំចេញបាន៤០,១៧៥តោន និង៣ខែដើម ឆ្នាំ២០២០ នាំចេញបាន ២៤,៤២៨តោន ភាគច្រើនទៅកាន់ប្រទេសចិន។

លោកថា បច្ចុប្បន្នមានឡសម្ងួតចំនួន៣អាចសម្ងួតស្រូវបាន៥៥០តោន ក្នុង១ថ្ងៃ និងមានស្រូវស្តុកទុកចំនួន៧ពាន់តោនរង់ចាំកិន និងនាំចេញតាមការបញ្ជាទិញ ពីខាងក្រៅ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏នៅជួបមានជួបបញ្ហាប្រឈម នឹងការប្រកួតប្រជែងជាមួយប្រទេសជិតខាង ទាក់ទងទៅនឹងតម្លៃភ្លើង និងការដឹកជញ្ជូន ដែលនៅមានតម្លៃខ្ពស់ នៅឡើយ។

តាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩ កន្លងមកមានចំនួនជាង ១០.៨៨លានតោន ក្នុងនេះ សម្រាប់ស្រូវវស្សាទទួលបាន បរិមាណផលសរុបចំនួន ៨,២៦៩,៣៣៣តោន និងស្រូវប្រាំង ២,៦១៦,២៤១តោន។

ដោយឡែកខេត្តតាកែវ បរិមាណស្រូវសរុបទាំងវស្សា និងប្រាំងចំនួន១,២០៨,៦៤០តោន ហើយមកទល់ពេលនេះ គឺនៅសល់ផ្ទៃដីស្រែប្រាំងចំនួន ៤ពាន់ហិកតាទៀត មិនទាន់បានប្រមូលផល គិតជាបរិមាណស្រូវប្រមាណ១៦ពាន់តោនទៀត៕