ពលរដ្ឋ​ខ្មែរ​មក​ពី​ថៃ​ជាង​៥០០​នាក់​ត្រូវ​ដឹក​ទៅ​ដាក់​អគារ​បំរុង ដើម្បី​ពិនិត្យរ​ក​កូវី​ដ​​១៩


ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​ក្រសួងការពារជាតិ​បាន​ដឹក​ពលករ​ខ្មែរ​ជាង​៥០០​នាក់​តាម​បន្ទាត់​ព្រំដែន ទៅ​ដាក់​នៅ​អគារ​វិទ្យាល័យ​សិរី​សោភ័ណ ដើម្បី​ពិនិត្យ​រក​វីរុស​កូ​វី​ដ​១៩ រយៈពេល​៣​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្រុង​សិរី​សោភ័ណ​។

បើ​តាម​លោក អ៊ា​វ ដា​រា​វុ​ធ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ បាន​ប្រាប់​ថា នៅ​ក្រុង​សិរី​សោភ័ណ ដោយ​បានការ​យកចិត្តទុកដាក់​ពី​អភិបាលខេត្ត បាន​ត្រៀម​បម្រុង​អគារ​នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ​ចំនួន​៣​កន្លែង សម្រាប់​ដាក់​ពលករ​ខ្មែរ​ដែល​ត្រូវ​ទទួល​មក​ពី​តាម​បន្ទាត់​ព្រំដែន​មក​ពី​ច្រក​ឡែ​ម ខេត្តបាត់ដំបង និង​ច្រក​អូរ​ស្មាច់ ខេត្តឧត្តរមានជ័យ ព្រមទាំង​ច្រក​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា ជាក់ស្តែង​នៅ​វិទ្យាល័យ​សិរី​សោភ័ណ ស្ថិត​ក្រុង​សិរី​សោភ័ណ ដែល​រថយន្ត​ក្រសួងការពារជាតិ​ដឹក​ពលករ​ពី​តាម​បន្ទាត់​ព្រំដែន មក​ដាក់​នៅ​កន្លែង​ត្រៀម​បម្រុង​អគារ​វិទ្យា​ល័យ​សិរី​សោភ័ណ​រយៈពេល​៣​ថ្ងៃនេះ មាន​ប្រមាណ​ជាង​៥០០​នាក់​។ ក្រោយ​ពេល​ពិនិត្យ​ក្រុម​គ្រូពេទ្យ (​ច​ត្តា​ឡី​ស័ក​) មន្ទីរពេទ្យ​បង្អែក​ហើយ បើ​គ្មាន​ជាប់​សង្ស័យ​ឆ្លង​វីរុស​កូ​វី​ដ​១៩​ទេ ត្រូវ​ថ​យន្ត​នឹង​ដឹក​ពលរដ្ឋ​ទាំងអស់​ដាក់​តាម​បណ្តា​ខេត្ត និង​ស្រុក​របស់​ខ្លួន ដែល​អាជ្ញាធរ​ទទួលយក​ដាក់​តាម​ទីតាំង​ត្រៀម​បម្រុង​ទុក ដើម្បី​បង្ការ និង​ទប់ស្កាត់​ការពារ​រាតត្បាត​ដោយ​វីរុស​កូ​វី​ដ​១៩ ដែល​មាន​រយៈពេល​១៤​ថ្ងៃ​នៅ​ឆ្ងាយ​ពី​សាច់ញាតិ​។

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួងការពារជាតិ ដែល​បាន​ផ្តល់​រថយន្ត​សម្រាប់​ដឹក​ពលករ​ខ្មែរ​ដែល​មក​ពី​ថៃ ដាក់​តាម​កន្លែង​ត្រៀម​បម្រុង ដើម្បី​ធ្វើការ​ពិនិត្យ​ដោយ​គ្រូពេទ្យ​ជំនាញ​ច​ត្តា​ឡី​ស័ក ក្រោយ​ពេល​ពិនិត្យ​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​។ ហើយ​ការ​ស្នាក់​ពិនិត្យ គឺ​អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ត្រៀម​បម្រុង​ទុក​កន្លែង​ស្នាក់​នៅ និង​ម្ហូបអាហារ​សម្រាប់​ពលករ​ដែល​ត្រូវ​បញ្ជូន​មក​ដាក់​កន្លែង​ពិនិត្យ ដោយ​គ្រូពេទ្យ​ដែល​ធ្វើការ​២៤​ម៉ោង​។

លោក​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ក្រោយ​ពេល​ត្រឡប់​ពី​ប្រទេស​ថៃ ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រួសារ​ឱ្យ​បាន​១៤​ថ្ងៃ ហើយ​មិន​ត្រូវ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត និង​ឱកាស​បុណ្យ​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ មិន​ត្រូវ​ជួបជុំ​គ្នា ដើម្បី​បង្កា និង​ទប់ស្កាត់​ការពារ​វីរុស​កូ​វី​ដ​១៩ ហើយ​ត្រូវ​ចូល​ធ្វើ​អនា​ម័យ និង​លាងដៃ​ដោយ​សាប៊ូ ឬ​អាកុល ត្រូវ​ពាក់​ម៉ាស​ឱ្យ​បាន​គ្រប់​ៗ​គ្នា​៕