សម្តេចតេជោសង្ឃឹមថា បងប្អូន​ និងក្មួយ​កម្មករ​យល់​ពី​ការ​ព្រួយបារម្ភ​​ពិភពលោក​


ភ្នំពេញ ៖ សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​៖«​សុខ​សប្បាយ​ជា​ទេ បងប្អូន​ជនរួមជាតិ? ។ ថ្ងៃ​ទី​១៤ មេ​សា​នេះ ខ្ញុំ​ត្រូវ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស​លើក​ទី ៣៦ ស្តី​ពី​ជំងឺ​កូ​វី​ដ​-១៩ នៅ​វិមាន​សន្តិភាព តាម​រយៈ​ការ​ភ្ជាប់​វី​ដេ​អូ​ខ​ល​ផ្ទាល់ (Video Conference) ពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ ។

ដោយសារ​ស្ថានភាព​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វី​ដ​-១៩ ដែល​ពេល​នេះ​កំពុង​គម្រាមកំហែង​ពិភពលោក គឺ​មេដឹកនាំ​ប្រទេស​អាស៊ាន​ទាំងអស់ និង​គណៈប្រតិភូ​មិន​អាច​ធ្វើ​ដំណើរ​ចេញ​ក្រៅប្រទេស​បាន​ឡើយ ។

តាម​ការ​គ្រោងទុក​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦​នេះ គឺ​ត្រូវធ្វើ​នៅ​ប្រទេស​វៀតណាម ។ សម្តេច​បន្ត​ថា ដូច្នេះ​សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​កម្មករ​កម្ម​ការ​នី​បាន​យល់​កាន់តែ​ច្បាស់​អំពី​ការ​ព្រួយបារម្ភ​របស់​ពិភពលោក​ក៏​ដូច​ជា ការ​ព្រួយបារម្ភ​របស់​ប្រទេស​យើង ដែល​បាន​លើក​ថ្ងៃ​ឈប់​សម្រាក ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំទៅ​ពេល​ក្រោយ ហើយនឹង​ការ​ដាក់​បម្រាម​ហាម​មិន​អោយ​ពលរដ្ឋ​ធ្វើ​ដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ជា​បណ្តោះអាសន្ន​មួយ​រយៈ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វី​ដ​-១៩ ដ៏​កាច​សាហាវ​នេះ ។

ឆ្លៀត​ក្នុង​ឱកាស​នៃ​បុណ្យចូលឆ្នាំ​នេះ ខ្ញុំ​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់​ជួប​ប្រទះ​តែ​សេចក្តី និង​ពុទ្ធ​ពរ​៥​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕