អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ កងកម្លាំង និងមន្រ្តីចត្តាឡីស័ក ដែលប្រចាំការនៅគោលដៅព្រំប្រទល់ខេត្តមណ្ឌលគិរី-រតនគិរី


មណ្ឌលគិរីះ ដោយអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការដាក់កំហិតលើការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងកាត់រាជធានី ខេត្ត ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត លោកស្នងការរងនគរបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនកងកម្លាំង និងមន្រ្តីចត្តាឡីស័ក ដែលប្រចាំការនៅគោលដៅខេត្តមណ្ឌលគិរី-រតនគិរី ស្ថិតនៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ឯកឧត្តម អភិបាលខេត្ត បានថ្លែងនូវការកោតសើរដល់កម្លាំង និងមន្រ្តីជំនាញទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ ក្នុងការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។ ឯកឧត្តម បានជំរុញដល់កងកម្លាំងទាំងអស់ ត្រូវអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ចរបស់ខ្លួន ធ្វើយ៉ាងណាទប់ស្កាត់ការចរាចរណ៍របស់ប្រជាពលរដ្ឋ ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។

ឯកឧត្តម បញ្ជាក់ថា សម្រាប់ខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ មិនទាន់រកឃើញករណីសង្ស័យ ឬផ្ទុកជំងឺកូវីដ១៩នោះទេ តែទោះយ៉ាងណា ក៏សូមឱ្យកងកម្លាំង និងមន្រ្តីជំនាញ ត្រូវសហការគ្នា ក្នុងការត្រួតពិនិត្យ និងតាមដាន ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ជាពិសេស ពលករដែលមកពីក្រៅប្រទេស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយណែនាំឱ្យពួកគាត់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងាំងនឹងជំងឺកូវីដ១៩។

ឯកឧត្តម បានណែនាំដល់កងកម្លាំង និងមន្រ្តីជំនាញ ត្រូវអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ត្រូវលាងដៃជាមួយសាប៊ូ ទឹកអាល់កុល រឺជែល ជាប្រចាំចៀសវាង ការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន ហើយត្រូវតាមដានសុខភាពប្រសិនមានអាការៈក្អកមិនបាត់ ក្តៅខ្លួន ខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ រឺខលទៅលេខទូរសព្ទ័១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ និងមិនត្រូវទៅស្វែងរកសេវា ព្យាបាលនៅគ្លីនិចឯកជនដែលពុំមានច្បាប់អនុញ្ញាតនោះទេ។

នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បាននាំយកគ្រឿងឧបភោគបរិភោគ រួមមានះ ទឹកសុទ្ឋ មី អង្ករ ត្រីខ ម៉ាស់ការពារ អាល់កុលលាងដៃ និងថវិកាចំនួន១លានរៀល ផ្តល់ជូនដល់កងកម្លាំង និងមន្ត្រីចត្តាឡីស័ក ប្រចាំការនៅចំណុចព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ហើយដោយមើលឃើញពីការខ្វះខាតនៅវត្តដែលទើបបង្កើតថ្មី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានផ្តល់អណ្តូងស្នប់១ ជូនដល់វត្តគង់មាសគោះខ្ទរធម្មផុត ក្នុងភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែកផងដែរ៕