ឯកឧត្តម វេង សាខុន ទទួលជួបប្រធានក្រុមបេសកកម្មរបស់ជំនួយ USAID


កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប លោកស្រី Polly Dunford ប្រធានក្រុមបេសកកម្មរបស់ជំនួយ USAID នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិភាក្សាអំពីយុទ្ធសាស្រ្តសន្តិសុខស្បៀងអាហារពិភពលោកថ្មីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
លោកស្រី Polly Dunford បានថ្លែងអំណរគុណចំពោះការស្វាគមន៏យ៉ាងកក់ក្តៅរបស់ឯកឧត្តមរដ្ឋមន្រ្តី និងបានបង្ហាញពីចំណាប់អារម្មណ៏លើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា។ លោកស្រីបានបញ្ជាក់អង្គការ USAID មានគម្រោងបង្កើតកម្មវិធីថ្មី ដែលផ្តោតលើការបង្កើនវារីវប្បកម្ម និងជំរុញការដាំដុះស្រូវ។ ទន្ទឹមនឹងនេះលោកស្រី ក៏បានបង្ហាញនូវឯកសារយុទ្ធសាស្រ្តសន្តិសុខស្បៀងអាហារពិភពលោកថ្មីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយលោកស្រីសង្ឃឹមថាឯកសារយុទ្ធសាស្រ្តនេះ នឹងមានភាពស្របគ្នាទៅនឹងយុទ្ធសាស្រ្តរបស់កម្ពុជា។ លោកស្រីមានបំណងអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តី ជាអធិបតីក្នុងកិច្ចប្រជុំជាន់ខ្ពស់មួយ ឬពីរដងក្នុងមួយឆ្នាំដើម្បីបង្ហាញអំពីវឌ្ឍនៈភាពនៃការអនុវត្តកម្មវិធីជំនួយរបស់ USAID។ លោកស្រីប្រធានក៏បានលើកពីគោលបំណងអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីជាអធិបតីក្នុងការដាក់ឲ្យដំណើរការកម្មវិធី HARVEST ជំហានទី២ នាពេលខាងមុខ ក្រោយពីកម្មវិធីជំហានទី១ អនុវត្តបានជោគជ័យ។
ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៏យ៉ាងកក់ក្តៅដល់ដំណើរទស្សនកិច្ចរបស់លោកស្រី និងសម្តែងនូវក្តីរីករាយដែលលោកស្រី​ និងអង្គការ USAID បន្តការគាំទ្រដល់ប្រទេសកម្ពុជាជាពិសេសលើវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសថា បច្ចុប្បន្នកម្ពុជាកំពុងត្រូវការការគាំទ្រលើការគ្រប់គ្រងព័ត៌មានកសិកម្ម ដើម្បីជំរុញការធ្វើពិពិធកម្មកសិកម្មទៅតាមរបបនៃតំរូវការជាក់ស្តែង។ បន្ថែមពីនេះ វិស័យជលផលក៏ជា អនុវិស័យដ៏សំខាន់មួយក្នុងការជំរុញកំណើនវិស័យកសិកម្ម ជាពិសេសក្រសួងកំពុងខិតខំប្រឹងប្រែងលើកទឹកចិត្តអោយមានការបង្កើតវារីវប្បកម្មអោយកាន់តែច្រើន ដើម្បីកាត់បន្ថយការនេសាទខុសច្បាប់ និងធានានិរន្តរភាពជលផលនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើដល់អង្គការ USAID យកចិត្តទុកដាក់ទៅលើជំនួយបច្ចេកទេសក្រោយការប្រមូលផល ការកែច្នៃ និងការវេចខ្ចប់ផលិតផលកសិកម្ម ដើម្បីឆ្លើយតបទៅនឹងតំរូវការទីផ្សារអន្តរជាតិ និងស្នើអោយវិស័យឯកជនសហរដ្ឋអាមេរិកមកធ្វើការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាអោយបានច្រើន ព្រោះវិស័យឯកជនជាដៃគូដ៏សំខាន់ក្នុងការជំរុញកំណើនវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្រ្តី រីករាយនឹងចូលរួមជាអធិបតីក្នុងការដាក់ឲ្យដំណើរការកម្មវិធី HARVEST II និងសង្ឃឹមថាគម្រោងថ្មីរបស់ USAID នឹងអាចជួយជំរុញស្ថានភាពកសិកម្មនៅកម្ពុជាកាន់តែប្រសើរឡើង ហើយឯកឧត្តមរដ្ឋមន្រ្តី ក៏មានបំណងអញ្ជើញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកដើម្បីធ្វើការចែករំលែកនៃការអភិវឌ្ឍន៏វិស័យកសិកម្មនៅសហរដ្ឋអាមេរិក និងកម្ពុជា។