ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញសាកសួរសុខទុក្ខកម្មករ កម្មការនី នៅក្នុងស្រុកទ្រាំងដែលបំពេញការងារធម្មតា​ ក្នុងអំឡុងថ្ងៃចូលឆ្នាំថ្មី


 

តាកែវ៖ នៅព្រឹកថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីបញ្ចប់កម្មវិធីចែកអំណោយដល់ពលរដ្ឋខ្វះខាតចំនួន ៦០គ្រួសារ នៅស្រុកកោះអណ្ដែត​ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក៏បន្ដដឹកនាំ អាជ្ញាធរពាក់ព័ន្ធចុះសាកសួរសុខទុក្ខ កម្មករ កម្មការនី ដែលកំពុងបំពេញការងារជាធម្មតា ត្រូវនឹងថ្ងៃចូលឆ្នាំទីពីរ ចំនួនជាង ៧០០នាក់ នៅរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ ហ្រ្គេសហ្វូល ខេមបូឌា ថេកស្ដាយ ស្ថិតនៅឃុំរនាម ស្រុកទ្រាំង។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានសម្តែង នូវការកោតសរសើរចំពោះដំណើរខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រ នៅរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ ហ្រ្គេសហ្វូល ខេមបូឌា ថេកស្ដាយ ដែលបានបន្តនិរន្តរភាពរបស់រោងចក្រជាប្រចាំ បើទោះបីស្ថានភាពបច្ចុប្បន្ននៅលើសាកលលោកទទួលរងនូវវិបត្តិជាសាកល ដែលបង្ករឡើងដោយមេរោគកូវីដ ១៩នេះ។ ជាមួយនេះ ឯកឧត្តម បានសម្តែងកោតសរសើរចំពោះទឹកចិត្តរបស់កម្មករ កម្មការនី បានមកមបំពេញការងារជាធម្មតាតាមការណែនាំរបស់រាជរដ្ឋាភិបាល ដោយរក្សាសុខភាពនៅថ្ងៃនេះ ដើម្បីជួបជុំនៅពេលក្រោយ។ បើទោះបីយើងមិនបានឈប់សំរាកក្នុងថ្ងៃបុណ្យចូលឆ្នាំប៉ុន្តែយើងអាចរៀបរណ្តាប់ទទួលទេវតាតាមផ្ទះរៀងៗខ្លួនដូចរៀងរាល់ឆ្នាំផងដែរ ។

ក្នុងឱកាសអមដំណើរឯកឧត្តមអភិបាលខេត្ត នាឱកាសនោះដែរ លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានឲ្យដឹងថា រហូតមកដល់នឹងពេលនេះ ពុំមានកម្មករ កម្មការនីណាម្នាក់ដែលអវត្តមានគ្មានមូលហេតុនោះទេ គឺកម្មករ ទំាងអស់បានមកបំពពេញការងារធម្មតា ចំពោះកម្មករដែលអវត្តមានគឺមានចំនួនតិចបំផុត ដោយមានមូលហេតុសមស្រប ដូចជាលំហែមាតុភាពការងារ គ្រោះថ្នាក់ចរាចរណ៍ តែប៉ុណ្ណោះ ។

បើតាមការបញ្ជាក់ពី ពីកម្មការនី ឈ្មោះ ចន្ថា បានបញ្ជាក់ថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ គឺរូបគាត់បានសម្រេចចិត្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល គឺពេញចិត្តនឹងចំណាត់ការនេះ ហើយមកធ្វើការជាធម្មតានៅក្នុងថ្ងៃបុណ្យចូលឆ្នាំនេះ ដោយមិនចេញទៅណានោះទេដោយអនុវត្តតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការថែរក្សាសុខភាពជាប្រចាំ និង រក្សានៅគម្លាតពីគ្នា កាត់បន្ថយការជួបជុំគ្នា៕