កម្ពុជាជូនពរឲ្យអាមេរិក ទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩


(ភ្នំពេញ)៖ នៅថ្ងៃនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្ញើលិខិតឆ្លើយតបចំពោះការពាក្យពេជន៍ជូនពររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានផ្ញើជូនប្រជាជនកម្ពុជា នៅក្នុងឱកាសប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

អ្នកនាំពាក្យនៃក្រសួងការបរទេសកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកការស្វាគមន៍ដ៏កក់ក្តៅ និងពរសព្វសាធុការដែលក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្ញើជូនប្រជាជនកម្ពុជា នៅក្នុងឱកាសប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ  ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២០។
អ្នកនាំពាក្យនៃក្រសួងការបរទេស បន្តថា រដ្ឋាភិបាលនិងប្រជាជនកម្ពុជាបានវាយតម្លៃខខ្ពស់ចំពោះមិត្តភាពជាមួយសហរដ្ឋអាមេរិក និងជឿជាក់ យ៉ាងមុតមាំថា ទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងប្រទេសទាំងពីរ នឹងត្រូវបានលើកកម្ពស់ថែមទៀតជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នា។
ស្របគ្នានេះ ក្រសួងការបរទេសកម្ពុជា ក៏បានជូនពរទៅកាន់សហរដ្ឋអាមេរិកវិញក្នុង្លឹមយ៉ាដើមយ៉ាងដូច្នេះថា៖
« នៅក្នុងឱកាសនេះ យើងខ្ញុំសូមជូនពរដល់រដ្ឋាភិបាលនិងប្រជាជនសហរដ្ឋអាមេរិក សូមទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជម្ងឺរាតត្បាតជាសកលកូវីដ-១៩ និងផលប៉ះពាល់ជាអវិជ្ជមាននៃជម្ងឺនេះ ខណៈពេលដែលប្រជាជាតិយើងទាំងពីរ និងប្រទេសដទៃទៀតនៅលើសកលលោក កំពុងប្រឈមនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក ហើយដែលបាននឹងកំពុងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតប្រជាជនយើង និងសេដ្ឋកិច្ចពិភព​លោក»។
គួរកត់សម្គាល់ថា គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ ច្រើនជាងគេបំផុតលើពិភពលោក៕