អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពការងារ និងការថែទាំសុខភាពរបស់កម្មករ-កម្មការិនី នៅរោងចក្រមេតថេក


(កំពង់ចាម)៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរដោយអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានចុះពិនិត្យអំពីស្ថានភាពការងារ និងការថែទាំសុខភាពរបស់កម្មករ-កម្មការិនី នៃរោងចក្រ មេតថេក ស្ថិតនៅក្នុងភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោក គៀង ទាគង់ ជំនួយការអគ្គនាយកក្រុមហ៊ុន មេតថេក បានឲ្យដឹងថា រោងចក្រកាត់ដេរមេតថេក មានកម្មករ-កម្មការិនី សរុប ៣៧២៥នាក់ ប្រុស ៣៤៤នាក់ ស្រី ៣៣៨១នាក់។

លោក គៀង ទាគង់ បានឲ្យដឹងទៀតថា រោងចក្ររបស់លោក បានដំណើរការការងារជាធម្មតា។ ជាមួយគ្នានេះ ការថែទាំសុខភាពកម្មករ-កម្មការនី ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ ខាងរោងចក្រ បានប្រើទឹកអាកុលសម្រាប់លាងសម្អាតដៃ និងដាក់ម៉ាស៉ីនស្កេនកំដៅ មុនពេលអនុញ្ញាតឲ្យកម្មករ-កម្មការិនីចូលបំពេញការងាររបស់ខ្លួន។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំរោងចក្រកាត់ដេរ ក្រុមហ៊ុនមេតថេក ដែលបានចូលរួម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាពេលកន្លងមកនេះ។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរថ្នាក់ដឹកនាំក្រុមហ៊ុន បន្តកិច្ចការអនុវត្តតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តកំពង់ចាម ឲ្យបានកាន់តែល្អប្រសើរ ដើម្បីសុខមាលភាពអស់គ្នា៕