COVID19 មិនបានរាតត្បាតនៅវត្តអារាម និងវិហារសាសនា នៅកម្ពុជាទេ!


(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រកាសថា ជំងឺកូវីដ១៩ ដែលកំពុងឆ្លងរាតត្បាតនៅ​លើពិភពលោក មកដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ជំងឺឆ្លងដ៏កាចសាហាវនេះ មិនបានឆ្លងរាតត្បាត​នៅក្នុងវត្តអារាម និងនៅវិហារសាសនាឥស្លាម ក៏ដូចជាវិហារសាសនា​គ្រឹស្ត នៅក្នុងប្រទេស​កម្ពុជានោះទេ​។

ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រកាសដូច្នេះ នៅក្នុងសន្និសីទកាសែត រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល​កម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី​។

ឯកឧត្តម សេង សុមុនី លើកឡើងថា នៅទូទាំងប្រទេស​កម្ពុជាយើង គិតត្រឹមបំណាច់ឆ្នាំ២០១៩ មានវត្តអារាម​ព្រះពុទ្ធសាសនា ចំនួន ៥០២៤​វត្ត ព្រះសង្ឃ ៧១៦១០​អង្គ ( សម្តេចសង្ឃ ១២​ព្រះអង្គ ខាង​មហានិកាយ និង ៣​ព្រះអង្គ ខាងធម្មយុត្តិ​)។ រីឯ​វិហារ​​សាសនា​​ឥស្លាម មានចំនួន ៥៦៨ ព្រះវិហារ​ និង​មាន​សាសនិកឥស្លាមចំនួន ៦៧០​៤៨៣ នាក់​។ រីឯ​​គ្រឹស្ត​​សាសនា​ មាន​​បរិស័ទចំនួន​ ១១៤៤០២នាក់។ ប្រជាពលរដ្ឋខ្មែរជាង ៩៥% ជាអ្នកកាន់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។​

ឯកឧត្តម សេង សុមុនី បន្តថា នៅតាមវត្តអារាម ដែល​ជាកន្លែង​រស់នៅជុំគ្នា ក្រៅតែពីព្រះសង្ឃ ក៏មានក្មេងវត្ត តា​យាយ​ ជាដើមផងនោះ គឺ​យើង​ពុំ​មានករណីឆ្លងរាតត្បាត​ជំងឺកូវីដ១៩ នៅតាមវត្តទេ​។ នៅវិហារឥស្លាម វិហារគ្រឹស្តសាសនា ក៏​មិនមានករណីឆ្លងរាលដាលជំងឺកូវីដ ដោយតាមវត្តអារាម ក៏ដូចជាវិហារសាសនាឥស្លាម និងគ្រឹស្តសាសនា បានអនុវត្ត​តាម​ការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ពាក់ព័ន្ធនឹង​វិធានការការពារ​ការឆ្លងរាលដាលជំងឺកូវីដ១៩ រួមទាំង​ការផ្អាការជួបជុំ​តាមវត្ត និងវិហារសាសនា ជាដើម​។

ឯកឧត្តម សេង សុមុនី បញ្ជាក់ថា «​ថ្មីៗនេះ យើងជួបនូវបញ្ហា​រឿងកូវីដ១៩នេះ សម្រាប់វិស័យសាសនា ស្ថាប័ន​ផ្សេងៗមើលមកឃើញមានហានិភ័យធំជាងគេ។ ដោយសារអី? លក្ខណៈទី១ ដោយសារព្រះពុទ្ធសាសនា គឺថារស់នៅជុំគ្នា។ ក្នុងវត្តមួយ មានរហូតទៅដល់ ៥០០, ៣០០, ២០០ ឬក៏ ១០០០ រូបក៏មានដែរ។ មានទាំងព្រះសង្ឃ មានទាំង​ក្មេងស្នាក់នៅក្នុងវត្ត។ ឧទាហរណ៍ដូចជា វត្តបទុម វត្តលង្ការ សុទ្ធតែរាប់ពាន់ ដោយសារតែមានសិស្សនិស្សិតស្នាក់នៅក្នុងវត្ត និងព្រះសង្ឃ ដែលរៀននៅក្នុងវត្តផង ចូលដល់ថ្នាក់រាប់ពាន់។ អីចឹងជាហានិភ័យដែលយើងជួបប្រទះ គឺថាមានការខ្វល់ខ្វាយ។ ទាំង​ផ្នែកជំនាញស្ថាប័ន​សុខភាព ក៏ដូចជាជំនាញខាងសាសនា មានការខ្វល់ខ្វាយ​។ ចំណុចទី២ សាសនាផ្សេងៗ ដែលត្រូវប្រារព្ធពិធីនៅប្រទេសផ្សេងៗ ហើយ​ចំណុចទី៣ គឺការប្រមូលផ្តុំគ្នារវាងសាសនាទាំងអស់ នៅគ្រប់សាសនាទាំងអស់នៅកម្ពុជា ឧទាហរណ៍ ព្រះពុទ្ធសាសនា រដូវចូលឆ្នាំ ប៉ុន្មានថ្ងៃមុននេះ ហើយសាសនាផ្សេងៗ ក៏ត្រូវជួបជុំ​ថ្វាយបង្គំ…។ ប៉ុន្តែជា​ដំណោះស្រាយ យន្តការ​សាសនារបស់យើង ​រៀបចំ​ផ្នែកជំនាញទាំងអស់ ធ្វើសកម្មភាពរួមគ្នា… ព្រះពុទ្ធសាសនា​ គណៈសង្ឃ ចេញសារជាលាយក្ខណ៍អក្សរ ទាំង​បណ្តាញ​​សង្គម ដល់ព្រះសង្ឃ​ ពីវិធានការការពារទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ១៩​។ គ្រឹស្តសាសនា ក៏បានចេញសារ​ទៅកាន់គ្រឹស្តបរិស័ទរបស់លោក ដូចជា ការមិនជួបជុំ​គ្នាច្រើន ការនៅគម្លាតពីគ្នា ការទទួលទាន​អាហារឲ្យបានឆ្អិតល្អ ហើយជួបគ្នា កុំ​ឲ្យចាប់ដៃ ជាដើម។ ខាងឥស្លាមសាសនា ក៏ចេញយន្តការ​ដូចគ្នាដែរ​»។

ឯកឧត្តម សេង សុមុនី បញ្ជាក់ថា «​មកដល់ពេលនេះ សមាសភាពច្រើន ដែលនៅក្នុងទីប្រជុំគ្នា គឺព្រះសង្ឃ មកដល់ពេលនេះ លទ្ធផលមិនទាន់បង្ហាញ​ថា មានព្រះសង្ឃ​ណាមួយ ឆ្លងជំងឺកូវីដ១៩ទេ។ នេះជាយន្តការជោគជ័យ​មួយរបស់ព្រះសង្ឃនាយក លោកធ្វើការផ្សព្វផ្សាយ ក៏ដូចជាការចែករំលែកព័ត៌មាន និងសម្ភារៈមួយចំនួន ទៅតាមវត្ត​ ដែលយើងទទួលបានជោគជ័យ​។ ដោយឡែក ខាងគ្រឹស្តបរិស័ទ ក៏យើងមិនទទួលបានថា នៅកម្ពុជា​មានឆ្លងដែរ​។ ចំពោះឥស្លាមសាសនិក ដែលលោកទៅបំពេញពិធីកម្មរបស់លោក គឺយើងគ្រប់គ្រងបាន។ ខាងរដ្ឋាភិបាល ក៏ដូចជាខាងអាជ្ញាធរ​ និងអ្នកជំនាញគ្រប់គ្រងសាសនា គឺ​លោកសហការគ្នា មកត្រួតពិនិត្យ ជៀស​វាង​ចម្លងបន្តទៅអ្នកដទៃ​»​៕