ចាប់ពីថ្ងៃទី១ឧសភាតទៅ ប៉ូលិសចរាចរណ៍ នឹងអនុវត្តការពិន័យបទល្មើសចរាចរណ៍ ដែលដំឡើងកម្រិតទឹកប្រាក់ពិន័យ ចំនួន ៣ ទៅ ៥ដង


(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍​ផ្លូវគោក ដែលមានសម្តេចក្រឡាហោម ស ខេង ជាប្រធាន បានចេញលិខិត​ ជូនដំណឹង​ដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវ​ថា ចាប់ពីថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២០ តទៅ កងកម្លាំងនគរបាលចរាចរណ៍​ផ្លូវគោក នឹងអនុវត្តការពិន័យអន្តរកាល ចំពោះ​អំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍​ផ្លូវគោក ដែលបានដំឡើងកម្រិត​ទឹកប្រាក់ពិន័យ ក្នុងចំនួនពី ៣ ទៅ ៥ដង​។

ក្នុងអនុក្រឹត្យចាស់ ស្ដីពី ប្រាក់ពិន័យអន្តរកាល ឆ្នាំ២០១៧ បានកំណត់ផាកពិន័យ​​អ្នកបើកបរម៉ូតូ ដែលល្មើសច្បាប់ ដូចជា មិនពាក់មួកសុវត្ថិភាព ត្រូវពិន័យ ១៥០០០រៀល ប៉ុន្តែអនុក្រឹត្យថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី០១ ខែឧសភា​ ឆ្នាំ២០២០ គឺតម្រូវ​ឲ្យ​ផាកពិន័យដល់ ៦ម៉ឺនរៀល​ឯណោះ។ រីឯអ្នកបើកបរម៉ូតូ​ ក្នុង​ស្ថាន​ភាព​ស្រវឹង នៅ​ក្នុង​អនុក្រឹត្យថ្មី ក៏​បានកំណត់ប្រាក់ពិន័យ ចាប់​ពី ២៥ម៉ឺនរៀល ដល់ ១លានរៀល អាស្រ័យលើ​កម្រិតជាតិអាល់កុល។

ដោយឡែក សម្រាប់​រថយន្តវិញ គឺ​អនុក្រឹត្យចាស់ ពិន័យ​ទាបបំផុត ២៥០០០រៀល ដូចជា អ្នកបើកបរ និងអ្នកអង្គុយកៅអីខាងមុខ មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ក៏ប៉ុន្តែអនុក្រឹត្យថ្មី បានកំណត់​ផាកពិន័យទាបបំផុត ៧៥០០០​រៀល​។ ក្នុងនោះ អ្នកបើកបរឡាន ក្នុងស្ថានភាពស្រវឹង ត្រូវពិន័យ ចាប់ពី ៤សែនរៀល ទៅ ៤លានរៀល អាស្រ័យលើប្រភេទរថយន្ត និងកម្រិតជាតិអាល់​​កុល៕