ស្ថានទូតខ្មែរកូរ៉េ-ត្បូង៖ ខ្មែរ៣នាក់ ដែលឆ្លងកូវីដ-១៩ នៅកូរ៉េខាងត្បូង ជាសះស្បើយហើយ


 

បើតាមព័ត៌មាន ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។ ស្ថានទូតខ្មែរប្រចាំនៅប្រទេសកូរ៉េ បានបញ្ជាក់ថា  «ពួកគាត់ បានរៀបចំបែបបទ ដើម្បីចេញពីមន្ទីរពេទ្យតាំងពីព្រឹកមិញ ហើយឥឡូវអ្នកទាំង៣ បានមកដល់ផ្ទះដោយសុវត្ថិភាព។

គ្រូពេទ្យ បានផ្តាំថា ក្នុងករណីពេលត្រឡប់មកផ្ទះវិញ ក្នុងមួយសប្ដាហ៍នេះ ប្រសិនបើមានអាការចេញជារោគសញ្ញាជំងឺនេះឡើងវិញ ត្រូវផ្ដល់ដំណឹងទៅពេទ្យ ដើម្បីពិនិត្យបន្តទៀត»។ ក្នុងចំណោមអ្នកទាំង៣នោះ គឺម្នាក់ជាស្រ្តី អាយុ២៣ឆ្នាំ បានឆ្លងកូវីដ-១៩ ពីស្វាមីរបស់នាង ជាជនជាតិកូរ៉េ ហើយម្នាក់ទៀត ជាស្រ្តីអាយុ៤៦ឆ្នាំ ដែលជាម្តាយរបស់នាង និង កូនប្រុស (កូនកាត់) អាយុជាង៣ខែរបស់នាង ក៏ឆ្លងពីស្វាមីដែរ។ ស្ថានទូតកម្ពុជា ផ្តល់ព័ត៌មានអំពីអ្នកទាំង៣ ដែលឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២១ ខែមីនា។