វីរុស​Covid-19​ កំពុង​ឆ្លង​រាលដាល​ខ្លាំង​នៅ​ប្រទេស​៣​ជា​សមាជិក​អាស៊ាន​


ក្នុង​រយៈពេល​ជាង​៣​ស​ប្តា​ហ៍​កន្លង​មកនេះ​ វីរុស​Covid-19​កំពុង​ឆ្លង​រាលដាល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​៣​ដែល​ជា​ប្រទេស​សមាជិក​អាស៊ាន​ គឺ​ប្រទេស​ហ្វី​លី​ពី​ន​ ឥណ្ឌូ​នេ​ស៊ី​ និង​ប្រទេស​ម៉ា​ឡេ​ស៊ី​ ដែល​ប្រទេស​នីមួយៗ​ មានការ​ឆ្លង​វីរុស​នេះ​ជាង​៥០០០​ករណី​ ដែល​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ CNBC​ នៅ​ថ្ងៃនេះ​។​

គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ហ្វី​លី​ពី​ន​មាន​មនុស្ស​ចំនួន​៥​ ៤៥៣​នាក់​បាន​ឆ្លង​វីរុស​Covid-19​ និង​មនុស្ស​ចំនួន​៣៤៩​នាក់​បាន​បាត់បង់​ជីវិត​ ឥណ្ឌូ​នេ​ស៊ី​មាន​មនុស្ស​ឆ្លង​វីរុស​នេះ​ចំនួន​៥​ ១៣៦​នាក់​ និង​ស្លាប់​៤៦៩​នាក់​ និង​ប្រទេស​ម៉ា​ឡេ​ស៊ី​ មាន​មនុស្ស​ឆ្លង​វីរុស​Covid-19​ចំនួន​៥​ ០៧២​នាក់​ និង​មនុស្ស​៨៣​នាក់​បាន​បាត់បង់​ជីវិត​ ។​

​ក្រៅពី​ប្រទេស​ទាំង​៣​នេះ​ ក៏​មាន​ប្រទេស​៣​ទៀត​ដែរ​ដែល​ជា​ប្រទេស​សមាជិក​អាស៊ាន​ ដែល​មាន​ករណី​ឆ្លង​រាលដាល​នៃ​វីរុស​Covid-19​ច្រើន​ជាងគេ​ គឺ​មាន​ប្រទេស​សិង្ហ​បុរី​ ថៃ​ និង​ប្រទេស​វៀតណាម​ ដែល​សិង្ហ​បុរី​មានការ​ឆ្លង​ចំនួន​៣​ ៦៩៩​ករណី​ និង​ស្លាប់​១០​នាក់​ ថៃ​មានការ​ឆ្លង​ចំនួន​២​ ៦៤៣​ករណី​ និង​ស្លាប់​៤៣​នាក់​ និង​ប្រទេស​វៀតណាម​មានការ​ឆ្លង​ចំនួន​២៦៨​ករណី​ និង​គ្មាន​ស្លាប់​ ៕