សម្ដេចតេជោ ហ៊ុន សែន ក្រើនរំលឹកឲ្យពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩


(ភ្នំពេញ)៖ នៅរសៀលថ្ងៃអាទិត្យនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះជំងឺរាតត្បាតកូវីដ-១៩។

នៅលើផេកហ្វេសប៊ុកផ្លូវការ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទោះបីពេលនេះ ប្រទេសយើងគ្មានការដាក់បម្រាមហាមឃាត់តឹងតែងក្នុងការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយក្តី បងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នយកចិត្តទុកដាក់ចំពោះសុវត្ថិភាពសុខភាពជាប្រចាំ ហើយត្រូវចងចាំគ្រប់ពេលថា ជំងឺឆ្លងកូវីដ-១៩ គឺជាជំងឺឆ្លងរាត្បាតដ៏កាចសាហាវបំផុត ដែលក្នុងតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះវាអាចបង្កវិនាសកម្មបានយ៉ាងឆាប់រហ័សបំផុត។ មកទល់ពេលនេះ គ្មានថ្នាំលេបឬចាក់ព្យាបាលនៅឡើយទេ។
សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យប្រជាពលរដ្ឋយកជាប់ជាមួយនូវម៉ាស់, ទឹកអាល់កុល ឬជេលសម្លាប់មេរោគនិងបាក់តេរី ហើយឧស្សាហ៍ដុសលាងសម្អាតដៃជាប្រចាំ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា ៖
« សូមកុំឲ្យមានការសោកស្តាយធ្លាក់មកលើខ្លួនយើង និងក្រុមគ្រួសារយើងឲ្យសោះ ដោយសារតែការធ្វេសប្រហែស និងមើលស្រាល ជំងឺឆ្លងកូវីដ-១៩។យើងចូលរួមទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ-១៩ ដោយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕»៕