អភិបាលខេត្តតាកែវ បន្តចុះចែកអំណោយដល់ពលរដ្ឋនិងផ្សព្វផ្សាយសារអប់រំអំពីការបង្ការជំងឺកូវីដ-១៩


(តាកែវ)៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញចូលរួមផ្ដល់អំណោយ ដល់ពលរដ្ឋចំនួន ៦០គ្រួសារ មកពីសង្កាត់ទាំងបី ក្នុងក្រុងដូនកែវ និងបានអប់រំណែនាំអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ កុំឲ្យមានឆ្លងនៅសហគមន៍របស់យើង គឺត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។
អភិបាលខេត្តតាកែវ បន្ថែមទៀតថា ប្រសិនបងប្អូនទាំងអស់មានសាច់ញាតិទើបត្រលប់មកពីក្រៅប្រទេស ក្នុងនាមជាអាណាព្យបាលត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ ត្រូវដាក់ខ្លួននៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃសិន ចាំចូលមកស្និតស្នាលជាមួយជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅសហគមន៍ ប្រសិនមានអាការៈសង្ស័យណាមួយត្រូវប្រញាប់ទាក់ទងមកមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមលេខ១១៥។
ឯកឧត្តម អ៊ូច ភា បានបញ្ជាក់ដែរថា អំណោយដែលបានប្រគល់ជូននាឱកាសនោះដែរគឺជាអំណោយបានមកពីសប្បុរសជននានា ផ្ដល់ជូន រដ្ឋបាលខេត្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃមេរោគកូវីដ សម្រាប់ផ្ដល់ពលរដ្ឋរងគ្រោះដោយ សារផលប៉ះពាល់ពីមេរោគកូវីដ និងពលរដ្ឋក្រីក្រ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម  ឃីត ១កញ្ចប់ អាល់កុល ១ដប និងសាប៊ូ ២ដុំ៕