អង្គការសហប្រជាជាតិ បានចេញសេចក្តីប្រកាស ទទួលស្គាល់ការផ្តល់សច្ចាប័ន នៃព្រះរាជាណាចក្រកម្ពុជា ទៅលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។
សេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិចុះថ្ងៃទី៦កុម្ភៈ បានបញ្ជាក់ថា ការផ្តល់សច្ចាប័ននេះនឹងចូលជាធរមានសម្រាប់កម្ពុជា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នោះគឺរយៈពេល ៣០ថ្ងៃ បន្ទាប់ពីអង្គការសហប្រជាជាតិ បានទទួលយកលិខិតតុប្បករណ៍ផ្តល់សច្ចាប័នពីកម្ពុជាទៅតម្កល់ទុក។
ការទទួលស្គាល់នេះ នឹងធ្វើអោយកម្ពុជាទទួលបាននូវការគាំទ្រផ្នែកហិរញ្ញវត្ថុ… ការចែករំលែកបច្ចេកវិទ្យាដែលមេត្រីភាពជាមួយអាកាសធាតុនិងបរិស្ថាន និងការកសាងសមត្ថភាព ដែលអាចឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុ និងគ្រោះមហន្តរាយ តាមរយៈការអនុវត្តសកម្មភាពបន្សុំា និងការកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍដោយចីរភាពរបស់ជាតិ។
កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ត្រូវបានអនុម័តនៅក្នុងសន្និសីទបណ្តាភាគីលើកទី២១ នៃអនុសញ្ញាក្រមខណ្ឌ សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (CoP21) នៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥។ កិច្ចព្រមព្រៀងនេះ មានគោលបំណងដើម្បីពង្រឹងការឆ្លើយតបជាសកល ទៅនឹងការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុ នៅក្នុងបរិបទនៃការអភិវឌ្ឍដោយចីរភាព និងកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ភាពក្រីក្រ ដែលរួមមាន៖
១- ការកំហិតកំណើនសីតុណ្ហភាពមធ្យមពិភពលោក ឲ្យនៅត្រឹមក្រោម ២អង្សាសែលស៊ុស ធៀបនឹងកម្រិតសីតុណ្ហភាពមុនបដិវត្តន៍ឧស្សាហកម្ម និងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកំហិតកំណើនសីតុណ្ហភាពឲ្យនៅត្រឹមក្រោម ១,៥ អង្សាសែលស៊ុស
២- ការបង្កើនសមត្ថភាពដើម្បីបន្សុំា និងពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងជំរុញការអភិវឌ្ឍបញ្ចេញកាបូនទាប ដែលមិនបង្កការគំរាមកំហែងចំពោះផលិតកម្មស្បៀង
៣- ការធ្វើឲ្យមានលំហូរហិរញ្ញវត្ថុប្រកបដោយសង្គតិភាព ជាមួយដំណើរការអភិវឌ្ឍ ដែលធន់នឹងអាកាសធាតុ និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់កម្រិតទាប។