រដ្ឋមន្ត្រី វង សូត ដឹកនាំកិច្ចប្រជុំត្រៀមផែនការអន្តរាគមន៍ជំនួយសង្គមដល់គ្រួសារ មានជីវភាពក្រីក្រលំបាក និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩


(ភ្នំពេញ)៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារផ្ទៃក្នុង របស់ក្រសួងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការផ្តល់ការអន្តរាគមន៍កន្លងមក ក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ និងការធ្វើផែនការត្រៀមបន្តក្នុងការផ្តល់ការអន្តរាគមន៍ បន្តទៀតស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។

កិច្ចប្រជុំនេះ រៀបចំឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំ អង្គភាពជំនាញពាក់ព័ន្ធក្រសួង ព្រមទាំងមានការចូលរួមតាមរយៈប្រព័ន្ធ Online ជាមួយដៃគូអភិវឌ្ឍ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី-ខេត្តទាំង២៥ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសង្គមកិច្ច។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី វង សូត ក៏បានផ្ដួចផ្ដើមលើកជាគំនិត និងមានទស្សនវិស័យវែងឆ្ងាយ ក្នុងការត្រៀមលក្ខណៈជាមុន លើការផ្ដល់អន្តរាគមន៍ជំនួយសង្គមដល់គ្រួសារ ដែលមានជីវភាពក្រីក្រលំបាក និងងាយរងគ្រោះ ឲ្យស្របតាមគោលការណ៏ និងយន្តការរបស់រាជរដ្ឋាភិបាល ដែលទើបបង្កើតនាពេលថ្មីៗកន្លងទៅនេះ។ ទិសដៅសំខាន់បំផុត គឺត្រូវតែខិតខំធានាដល់ការផ្តល់សេវាសង្គមកិច្ច ឲ្យដល់គ្រួសារក្រីក្រពិតប្រាកដបានទាន់ពេលវេលា ។

ជាមួយគ្នានេះដែរ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតគណៈកម្មការចំពោះកិច្ចរៀបចំគោលនយោបាយថវិកា ហិរញ្ញប្បទាន និងជំនួយសង្គម ដែលដឹកនាំដោយ លោក វង្ស៉ី វិស្សុត រដ្ឋលេខាធិការ ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការចំពោះកិច្ចរៀបចំ និងគ្រប់គ្រងយន្តការជំនួយសង្គម ដើម្បីជួយដល់ពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ នៅក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩។

ឯកឧត្តម វង សូត បានថ្លែងក្នុងអង្គប្រជុំថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការវាយតម្លៃទិដ្ឋភាពជារួមរបស់ប្រជាជន ក្នុងការផ្តល់អន្តរាគមន៍កន្លងមកនិងដំណាក់កាលនៃការត្រៀមលក្ខណៈបន្តរបស់រាជរដ្ឋាភិបាលបន្តទៀតក្នុងការផ្តល់ការអន្តរាគមន៍បន្ទាន់ ដល់ប្រជាជន ពិសេសប្រជាជនក្រីក្រ ដើម្បីមានមូលដ្ឋានរឹងមាំ និងគ្រប់ជ្រុងជ្រោយ សំដៅធានាដល់ការអនុវត្តឲ្យមានភាពស៊ីសង្វាក់គ្នា និងប្រកបដោយប្រសិទ្ធភាពលើការផ្តល់សេវាសង្គមកិច្ចដល់ក្រុមគោលដៅ។ ដូច្នេះហើយ យើងដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយជាមុន។

ក្នុងនោះ លោករដ្ឋមន្រ្តីបានណែនាំផងដែរ ដល់អង្គភាពជំនាញទាំងអស់របស់ក្រសួង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីខេត្តទាំង២៥ ត្រូវបន្តធ្វើសកម្មភាពរបស់ខ្លួន ឲ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីតាមដាននូវការប្រែប្រួលរបស់ប្រជាជន នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើផែនការក្នុងការឆ្លើយតប និងផ្តល់ការអន្តរាគមន៍ទាន់ពេលវេលា ក្នុងការផ្តល់សេវាសង្គម៕