រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង៖ COVID-19 អាចបញ្ចប់នៅកម្ពុជាទាំងស្រុង ទាល់តែពិភពលោករកឃើញវ៉ាក់សាំងការពារ


(ភ្នំពេញ)៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានលើកឡើងថា បញ្ហាជំងឺ COVID-19 អាចបញ្ចប់ទាំងស្រុងនៅក្នុងប្រទេសកម្ពុជា ទាល់តែពិភពលោករកឃើញវ៉ាក់សាំងចាក់ការពារ និងរូបមន្ដដើម្បីព្យាបាលឲ្យាមានប្រសិទ្ធភាព បើមិនដូច្នេះទេបញ្ហាមិនទាន់បញ្ចប់បានទាំងស្រុងនោះឡើយ ពោលនៅតែទាមទារឲ្យមានការប្រុងប្រយ័ត្នដដែល។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានឆ្លើយនឹងសំណួររបស់អ្នកយកព័ត៌មានរបស់បណ្ដាញព័ត៌មាន Fresh News ដែលចោទសួរលើបញ្ហានេះ យ៉ាងដូច្នេះថា «ការបញ្ចប់ជំងឺ COVID-19 បានលុះត្រាតែមានវ៉ាក់សាំងចាក់ការពារ ហើយនឹងមានរូបមន្ដព្យាបាល មានប្រសិទ្ធភាព នេះទើបបញ្ចប់»

ទន្ទឹមគ្នានេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបន្ដអំពាវនាវប្រជាពលរដ្ឋចូលរួមការពារ ទប់ស្កាត់ការចម្លងជំងឺ COVID-19 ព្រោះថាមកទល់ពេលនេះគ្មានថ្នាំចាក់ ឬថ្នាំព្យាបាលនៅឡើយទេ ដូច្នេះប្រជាពលរដ្ឋយកតាមខ្លូនជាប់ជាប្រចាំនូវម៉ាស់ ទឹកអាល់កុល ឬជេលសម្លាប់មេរោគ ហើយត្រូវឧស្សាហ៍លាងសម្អាតដៃឲ្យបានជាប់ជាប្រចាំ។

ឯកឧត្តម ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា សូមកុំឲ្យការសោកស្ដាយធ្លាក់មកលើខ្លួនយើង និងក្រុមគ្រួសារ ដោយសារតែការធ្វេសប្រហែស ឬការមើលស្រាលជំងឺ COVID-19 ព្រោះជំងឺនេះ គឺជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ដែលក្នុងតែមួយពព្រិចភ្នែកប៉ុណ្ណោះវាអាចបង្កវិនាសកម្មបានយ៉ាងឆាប់រហ័សបំផុត មកដល់មនុស្សជាតិទាំងមូល។

បន្ថែមពីនេះ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានក្រើនរំលឹកប្រជាពលរដ្ឋត្រូវស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបន្ដទប់ស្កាត់ការរាតត្បាតជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា ហើយក្រសួងសុខាភិបាល នឹងបន្ដអនុវត្តយ៉ាងខ្ជប់ខ្ជួននូវការដាក់ដាច់ដោយឡែក ការធ្វើតេស្ដ ការព្យាបាល និងការរកអ្នកដែលប៉ះពាល់ដោយម្មត់ចត់ជាទីបំផុត។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនថ្នាក់ដឹកនាំ មន្ដ្រីបុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ ទូទាំងប្រទេសកម្ពុជា ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ, អង្គការសុខភាពពិភពលោក, មជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លង សហរដ្ឋអាមេរិក, វិទ្យាស្ថានប៉ាស្ទ័រ ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុតក្នុងការជួយពិនិត្យសុខភាព ស្រាវជ្រាវរកករណីវីរុស COVID-19 ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក។

គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ អ្នកព្យាបាលជាសះស្បើយពីជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា មានចំនួន១០៧នាក់ (ស្ដ្រី៣០នាក់) និងអ្នកដែលកំពុងសម្រាកព្យាបាល សរុបនៅសល់ចំនួន១៥នាក់ (ស្ដ្រី៨នាក់) នៅតាមមន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។ ខណៈអ្នកឆ្លងជំងឺ COVID-19 នៅកម្ពុជា សរុបចំនួន១២២នាក់ (ស្ដ្រី៣៨នាក់)៕