គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម នៅតែបន្តទទួលបានជំនួយពីសប្បុរសជនជាបន្តបន្ទាប់


(កំពង់ចាម)៖ ក្រុមមន្ត្រីអនុវត្តន៍គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាបជំហាន២ ដឹកនាំដោយលោក ពោយ សុខជា ប្រធានសម្របសម្រួលគម្រោង នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនជាង ១លានរៀល ជូនដល់គណៈកម្មការប្រយុទ្ធជំងឺកូវីដ១៩ខេត្តកំពង់ចាម ដើម្បីចូលរួមក្នុងការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃវីរុសកូវីដ១៩។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធនឹងជំងឺកូវីដ១៩ បានថ្លែងអំណរគុណដល់ក្រុមការងារអនុវត្តន៍គម្រោងកាត់បន្ថយភាព ក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាបជំហាន២ ទាំងអស់ដែលបានចូលរួមចំណែក ក្នុងការឧបត្ថម្ភជាថវិកាសម្រាប់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម សម្រាប់យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ក្នុងយុទ្ធនាការនានា ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។

គួរបញ្ជាក់ថា ខេត្តកំពង់ចាមកន្លងមក មានអ្នកកើតជំងឺកូវីដ១៩ សុទ្ធសឹងតែជាជនបរទេសសរុបចំនួន១៦នាក់។ តែរហូតមកដល់ពេលនេះ គឺក្រុមគ្រូពេទ្យខេត្តកំពង់ចាម បានធ្វើការព្យាបាល អ្នកផ្ទុកវីរុសទាំងនោះបានជាសះស្បើយអស់ហើយ។

ជាមួយគ្នានោះអាជ្ញាធរខេត្តកំពង់ចាម នៅតែបន្តការប្រុងប្រយ័ត្នខ្ពស់ដដែល ដោយបានបំពាក់ម៉ាស៊ីនស្វ័យប្រវត្តិ បាញ់សម្លាប់មេរោគនៅតាមច្រកចេញចូលសំខាន់ៗ ដើម្បីសម្រួលដល់ការ ធ្វើអនាម័យ ព្រមទាំងបានបន្តការផ្សព្វផ្សាយសារអប់រំ អំពីការធ្វើអនាម័យ ដើម្បីចៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះផងដែរ៕