ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំ​មន្ត្រី​ជំនាញ​បច្ចេកទេស​ផ្លូវថ្នល់​ចុះ​ពិនិត្យមើល​ដំណើរការ​ចាប់ផ្តើម​សាងសង់​ផ្លូវ​លេខ​១៤៦​បេ​


ព្រះសីហនុ​៖ ថ្ងៃ​សុក្រ ១០​រោច ខែ​ចេត្រ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ចុះ​ពិនិត្យ​មើល​ដំណើរការ​ចាប់ផ្តើម​សាងសង់​ផ្លូវ​លេខ​១៤៦​បេ (​វិថី​សុវត្ថិភាព​សម្ដេច​សង្ឃរា​ជ​ទេព វង្ស​) ដោយ​មាន​ការចូលរួម​ពី​ក្រុម​ការងារ​បច្ចេកទេស​ក្រសួង និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន តំណាង​ក្រុមហ៊ុន​សាងសង់ និង​ភាគី​ពាក់ព័ន្ធ​។​
​ការចុះ​ត្រួតពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ពិនិត្យ​គុណភាព​នៃ​ការសាងសង់ សំដៅ​ធានា​ឱ្យបាន​តាម​ស្តង់ដា​ដែល​អាច​ទទួលយកបាន ពោល​គឺ​ធ្វើ​ផ្លូវ​ឱ្យ​មាន​គុណភាព​រឹងមាំ អាច​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង​។

​គម្រោង​សាងសង់​កំណាត់​ផ្លូវ​ខេត្ត​លេខ​១៤៦​បេ ឬ​វិថី​សុវត្ថិភាព​សម្ដេច​សង្ឃរា​ជ ទេព វង្ស មាន​ប្រវែង​សរុប ៤៣,០២៥ គីឡូម៉ែត្រ ចាប់ពី​បំបែក​ផ្លូវជាតិ​លេ​៤ ត្រង់​គីឡូម៉ែត្រ​លេខ ១៧៨+១៦៥ ស្ថិតនៅ​ភូមិ​វាល​ធំ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ដល់​រង្វង់​មូល​ស្ទឹងហាវ ស្ថិតនៅ​ភូមិ​១ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ និង​បន្ត​រហូត ដល់​កំពង់ផែ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ សាងសង់​ដោយ​ចាក់​បេតុង​កៅស៊ូ​AC កម្រាស់​៩​សង់​ទី ម៉ែត្រ ប្រវែង​២០,៦៧៨​គីឡូម៉ែត្រ និង​ចាក់​បេតុង សរសៃដែក​កម្រាស់​២៦​សង់ទីម៉ែត្រ​ប្រវែង ២២,៣៤៧ គីឡូម៉ែត្រ​។​

​កំណាត់​ផ្លូវ​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន China Road & Bridge Corporation Co.Ltd (CRBC) ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​នាយកដ្ឋាន​ផ្លូវថ្នល់ នាយកដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណ​: និង​នាយកដ្ឋាន​បច្ចេកទេស​សាធារណការ និង​ដឹកជញ្ជូន នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ហើយ​ប្រើប្រាស់​រយ​:​ពេល​សាងសង់​ចំនួន​២៨​ខែ ដោយ​គិត​ចាប់ពី​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​នា​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២០ គ្រោង​ចំណាយ​ថវិកា​ចំនួន ៧៦.៨៨៨.០០០ ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​កញ្ចប់​ថវិកា​១០០​លាន​ដុល្លារ​អាមេរិក ដែល​ជា​ថវិកា​សន្សំ​របស់ជាតិ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​៖ កំណាត់​ផ្លូវ​នេះ​គឺជា​ផ្លូវ​វាង​ក្រុង​ដ៏​មាន​សក្ដានុពល​សម្រាប់​បម្រើ ឱ្យ​ការដឹកជញ្ជូន​ទំនិញ​នាំចេញ​-​ចូល​តាម​នាវា កសិផល និង​ជលផល​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ស្រុក​ស្ទឹងហាវ ក៏​ដូច​ជា​បងប្អូន​រស់​នៅ​តំបន់​ទំនប់រលក​ចាស់ នៃ​ក្រុង​ព្រះសីហនុ ទៅ​កាន់​ទីផ្សារ​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល ឆាប់រហ័ស និង​ចំណាយ​តិច និង​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន​ដល់​ការ​កាត់ បន្ថយ​ការកកស្ទះ​ចរាច​រណ៍​តាម​ផ្លូវជាតិ​លេខ​៤ ចំពោះ​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ​ធុន​ធ្ងន់​ដូចជា​កុង​ទី​ន័រ ជាដើម​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​សាងសង់ និង​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៤ ប្រវែង​៦,៧០​គីឡូម៉ែត្រ គិត​ចាប់ពី​គីឡូម៉ែត្រ​លេខ​២១៦+០០០ ដល់​គីឡូម៉ែត្រ​លេខ ២២២+៧០០ ដោយ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូត​ដល់​២៩​ម៉ែត្រ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ គ្រោង​ចំណាយពេល​សាងសង់​១៨​ខែ អនុវត្ត​ការសាងសង់​ដោយ​កងវិស្វកម្ម តេ​ជោ ហ៊ុន សែន សៀមរាប និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​នាយកដ្ឋាន​ផ្លូវថ្នល់ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ហើយ​គិត​ត្រឹម​ចុង​សប្ដាហ៍​ទី​២​នៃ​ខែ​មេសា ឆ្នាំ​២០២០ គម្រោង​នេះ​សម្រេចបាន​៤,៨១% ហើយ​។​
​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ផ្ដាំផ្ញើ​ឱ្យ​ក្រុមហ៊ុន​សាងសង់​យកចិត្តទុកដាក់​ក្នុង​ការសាងសង់ ដោយ​គោរព​តាម​បទដ្ឋាន​សាងសង់ និង​សៀវភៅ​បន្ទុក​ដែល​បាន​ព្រមព្រៀង​៕