រួមគ្នាបន្តការពារខ្លួន និងបញ្ឈប់ការរីករាលដាលការឆ្លងរាតត្បាត វីរុសកូវីដ-១៩ (ជាសះស្បើយ៩០,១៦% គិតត្រឹមថ្ងៃ២០ ខែមេសា ឆ្នាំ២០២០)


សូមចូលរួមអបអរ ដោយជាងមួយសប្តាហ៍កន្លងទៅនេះ កម្ពុជាយើងមិនមានអ្នកឆ្លងវីរុសកូវីដ-១៩ និងមានអ្នកជំងឺបានព្យាបាលជាសះស្បើយជាបន្តបន្ទាប់ (មិនមានស្លាប់) និងសូមសម្តែងនូវការកោតសរសើរដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រុមគ្រូពេទ្យទាំងអស់ ដែលបានលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត និងប្រាជ្ញា មានឆន្ទ:មោះមុតបំពេញភារកិច្ច ការពារការរីករាលដាល និងថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយចំនួន១១០នាក់ ក្នុងចំណោម១២២នាក់ (ស្មើនឹង ៩០,១៦% គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០)។

ទោះបីស្ថានភាពកូវីដនៅកម្ពុជាមានភាពប្រសើរក៏ពិតមែន តែសូមបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើន និងបន្តការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ហើយត្រូវខិតខំអនុវត្តគ្រប់បែបយ៉ាងទាំងអស់តាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកកម្ពុជា និងតាមការណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីកុំឲ្យមានការចម្លងរាតត្បាតចូលក្នុងសហគមន៍។

ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនាម័យដៃស្អាត ដោយលាងសម្អាតជាមួយទឹកស្អាតនឹងសាប៊ូ ឬអាល់កុល ឬទឹកជែលលាងដៃឲ្យបានញឹកញាប់ និងជៀសវាងការជួបជុំច្រើនគ្នាច្រើនកុះករ។

សូមកុំឲ្យមានការសោកស្តាយធ្លាក់មកលើខ្លួនយើង និងក្រុមគ្រួសារយើងឲ្យសោះ ដោយសារតែការធ្វេសប្រហែស និងមើលស្រាលជំងឺឆ្លងកូវីដ-១៩ ៕