សម្តេចតេជោ អរគុណលោក វេង សុខតុលា ចំពោះការបរិច្ចាគថវិកា ២,៥០០ដុល្លារអាមេរិក ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩


(ភ្នំពេញ)៖ លោក វេង សុខតុលា អតីតនិស្សិតអាហារូបករណ៍នៅចិន បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ២,៥០០ដុល្លារអាមេរិក ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះទឹកចិត្តរបស់លោក។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកការបរិច្ចាគនេះ គឺជាកាយវិការមនុស្សធម៌មួយក្នុងកិច្ចការពារ និងសង្គ្រោះសុខភាព និងជីវិតប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា ដើម្បីរួមចំណែកជួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មានសប្បុរសជនជាច្រើនបានរួមគ្នាបរិច្ចាគថវិកាជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមកដល់ពេលនេះថវិកាសប្បុរសជនជួយនោះមានជាង១០លានដុល្លារអាមេរិកហើយ។

ក្រៅពីថវិការបស់សប្បុរសជន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល សមាជិក សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បានសម្រេចបរិច្ចាគប្រាក់បៀវត្សជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ ដើម្បីធ្វើប្រតិបត្តិការប្រយុទ្ធនឹងជំងឺកូវីដ១០ ក៏ដូចជាដោះស្រាយបញ្ហានានាបង្កដោយជំងឺនេះ៕