កម្មកររោងចក្រ​ដែលត្រឡប់មកពីលេងស្រុកកំណើតក្នុងឱកាសចូលបុណ្យឆ្នាំខ្មែរប្រមាណជាង ១៤០០នាក់ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រ ក្នុងរាជធានីភ្នំពេញ ដែលត្រឡប់មកពីលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ បានបញ្ជាក់ថា ការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រនេះ ក្នុងគោលបំណងការពារសុខភាពបងប្អូនកម្មកររោងចក្រជាង៩៥% ដែលបានមកធ្វើការងារធម្មតា អំឡុងពេលបុណ្យចូលឆ្នាំផង ក៏ដូចជាការពារសុខភាព បងប្អូនកម្មកររោងចក្រ ដែលបានឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំផង។ ក្រសួងការងារ បានបញ្ជាក់ថា លទ្ធផលនៃការត្រួតពិនិត្យសុខភាពបងប្អូនកម្មកររោងចក្រ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ គិតត្រឹម ម៉ោង១៨៖០០នាទីយប់ មានកម្មកររោងចក្រមកត្រតពិនិត្យសុខភាព ចំនួន ១,០១៨នាក់ក្នុងនោះ ដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ចំនួន៩៥៩នាក់ ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ (វិទ្យាល័យជម្ពូវ័ន) ចំនួន៣៨នាក់ និងយកសំណាកទៅពិសោធន៍បន្តចំនួន១៨នាក់ និងដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័ក កម្រិត២ (វិទ្យាល័យជម្ពូវ័ន) ចំនួន២១នាក់។

ក្រសួងការងារ បន្តថា សម្រាប់លទ្ធផលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ គិតត្រឹមម៉ោង១១៖០០នាទីព្រឹក មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាពចំនួន ៤០៥នាក់ក្នុងនោះ ដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ចំនួន៣៧៦នាក់ ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន៦នាក់ និងដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ ចំនួន២៣នាក់៕