អភិបាលខេត្តរតនគិរី៖ «ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំបង្កើនការចិញ្ចឹមសត្វ និងការដាំបន្លែបង្ការរួមផ្សំដើម្បីបង្កើនជីវភាពគ្រួសារក្នុងកាលៈទេសៈដែលជំងឺកូវីដ-១៩រាតត្បាត»


(រតនគីរី)៖ ការដាស់តឿនក្រើនរំលឹកក៏ដូចជាការណែនាំខាងលើនេះក្នុងឱកាសដែលឯកឧត្តមអមដំណើរដោយប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមមាន់របស់ប្រជាពលរដ្ឋជាលក្ខណះគ្រួសារនៅភូមិជ្រីឃុំសង្កាត់យក្ខឡោម ក្រុងបានលុង​ និងការដាំបន្លែរបស់ប្រជាពលរដ្ឋនៅភូមិល្អើនក្រែនឃុំអូរជុំស្រុកអូរជុំនាព្រឹកថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០២០នេះ​ ឯកឧត្តម ថង​ សាវុន​ បានលើកឡើងថាសូមប្រជាកសិករទាំងអស់ ត្រូវបង្កើនការចិញ្វឹមសត្វដូចជាមាន់​ ទា​ ជ្រូកជាដើមព្រមទាំងដាំដំណាំបន្លែបង្ការរួមផ្សំផ្សេងៗបន្ថែមទៀត ចៀសវាងទុកដីទំនេរចោល ដើម្បីឱ្យជីវភាពរស់នៅមានលក្ខណៈសមរម្យ។​

ឯកឧត្តម ថង សាវុន អភិបាលខេត្ត ក៏បានជម្រាបជូនប្រជាពលរដ្ឋពីការយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការលើកកម្ពស់វិស័យកសិកម្ម ដែលជាវិស័យមួយបង្កើននូវចំណូលសេដ្ឋកិច្ចជាតិ ក៏ដូចសេដ្ឋកិច្ចគ្រួសាជាពិសេសវាបានបង្កើនកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានលក្ខណៈល្អប្រសើរ។​ ដោយឡែកអាជ្ញាធមូលដ្ឋាន​ ភូមិ​ ឃុំ ត្រូវធ្វេីការចុះផ្សព្វផ្សាយដល់បងប្អូនកសិករដែលដាំដុះបន្លែបង្កា​ និងចិញ្ចឹមសត្វ​នៅមូលដ្ឋានរបស់ខ្លួន​ អោយបានផុលផុស តាមរយៈ​ការជម្រុញអោយកសិករយើងធ្វេីកសិកម្មសុវត្ថិភាព​ គ្មានជាតិគីមី​ ដើម្បីលេីកកម្ពស់ជីវភាពគ្រួសារ​ ក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។​

ឯកឧត្តមអភិបាលខេត្តបានអោយ មន្ទីរកសិកម្មណែនាំគ្រាប់ពូជដំណាំក៏ដូចជាពូជសត្វដែលល្អៗដែលងាយចិញ្វឹម​ និងងាយដាំដុះហើយទទួលផលក្នុងរយៈពេលខ្លីជូនដល់កសិករដែលប្រកបរបរនេះ​ និងចាត់មន្រ្តីជំនាញចុះប្រឹក្សាបច្ចេកទេស ក្នុងការផ្សារភ្ជាប់ការទំនាក់ទំនងរវាងមន្ទីរជំនាញ និងប្រជាកសិករ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានគ្រាប់ពូជដំណាំល្អ​ ហេីយមានពូជសត្វល្អ​ យកទៅចិញ្ចឹមសត្វពាហនៈ​ និងដាំដុះតាមបច្ចេកទេសរបស់មន្ទីរកសិកម្ម ដើម្បីទទួលបានទិន្នផលល្អ។

ទាក់ទងនឹងស្ថានភាពជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក​ និងប្រទេសកម្ពុជាយើងផងនោះ ឯកឧត្តម​ ថងសាវុន ក៏ធ្វើការអប់រំប្រជាពលរដ្ឋទាំងអស់ ត្រូវរស់នៅឱ្យមានអនាម័យ ដោយត្រូវលាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ជែល ជាប្រចាំចៀសវាងការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន ប្រសិនបើមានអាការៈក្អកមិនបាត់ ក្តៅខ្លួនខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ឬទូរស័ព្ទទៅលេខ ១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាពឱ្យបានត្រឹមត្រូវផងដែរ៕