អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះត្រួតពិនិត្យនិងពិភាក្សាអំពីគម្រោងជួសជុលខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម


នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងក្រុមការងារបានអញ្ជើញដល់ការដ្ឋានជួសជុលប្រាសាទតាព្រហ្ម ដើម្បីពិភាក្សាជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) អំពីផែនការរៀបចំជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម។

ក្នុងកិច្ចពិភាក្សានោះ អាជ្ញាធរជាតិអប្សរាបានឯកភាពឱ្យស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ចាប់ផ្តើមដំណើរការនៃការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មឱ្យបានឆាប់ដែលអាចទៅបាន ព្រោះក្នុងស្ថានភាពនេះចំនួនភ្ញៀវទេសចរក៏មានតិចនិងមិនមានការរំខាន។ ម្យ៉ាងវិញទៀត ក្នុងការសម្រួលដល់ដំណើរការជួសជុលផងនិងការចេញចូលរបស់ភ្ញៀវទេសចរផង ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌាបានកសាងរួចរាល់នូវជណ្តើរឈើដើម្បីឆ្លងកាត់។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអគ្គនាយកអាជ្ញាធរជាតិអប្សរានិងក្រុមការងារក៏បានចុះពិនិត្យការងារកំពុងជួសជុលនៅសាលរបាំ ដែលក្រុមការងារជួសជុលបានបំពេញដោយយកចិត្តទុកដាក់បំផុតស្របតាមអនុសាសន៍ពីអ្នកជំនាញនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ៕