ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ នាំអំណោយចែកជូនប្រជាពលរដ្ឋ២០០គ្រួសារ និងមន្ទីរពេទ្យបង្អែកស្រុករំដួល ខេត្តស្វាយរៀង


(ស្វាយរៀង)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករំដួល ខេត្តស្វាយរៀង តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ដែលជាអំណោយសប្បុរសរបស់លោកទេសរដ្ឋមន្រ្តីផ្ទាល់ និងមូលនិធិ Sir Bobby Charlton Foundation ចក្រភពអង់គ្លេស ចែកជូនដល់ប្រជាពលរដ្ឋចំនួន២០០គ្រួសារ ស្ថិតក្នុងឃុំចំនួន៧ ស្រុករំដួល ខេត្តស្វាយរៀង រួមមានឃុំស្វាយចេក ម៉ឺនជ័យ កំពង់អំពិល ជ្រុងពពេល សង្កែ ធ្មា និងឃុំកំពង់ចក។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី និងក្រុមការងារ ក៏បាននាំយកអាកុល ជែលសម្លាប់មេរោគ សាប៊ូលាងដៃ ម៉ាស និងថវិកាមួយចំនួន ផ្តល់ជូនមន្ទីរពេទ្យបង្អែកស្រុករំដួល មណ្ឌលសុខភាពថ្នាធ្នង់ និងមណ្ឌលសុខភាពចកផងដែរ។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានពាំនាំសេចក្ដីនឹករលឹក និងការសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងស្រុករំដួល ក៏ដូចជាក្នុងខេត្តស្វាយរៀងទាំងមូល ដែលសម្តេចទាំងទ្វេរ តែងតែព្រួយបារម្ភ និងយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ បានដាក់ចេញនូវវិធានការ យ៉ាងមានប្រសិទ្ធភាពខ្ពស់ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ព្រមទាំងមិនមានផលប៉ះពាល់ខ្លាំង ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឡើយ។

ជាមួយគ្នានេះ ក្នុងនាម លោកជំទាវកិត្តិសង្គហបណ្ឌិត ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនរដ្ឋបាលស្រុករំដួល មន្រ្ដីរាជការ និងកងកម្លាំងប្រដាប់អាវុធជុំវិញស្រុកទាំងអស់ ដែលបានចូលរួមអនុវត្តន៍ និងផ្សព្វផ្សាយនូវវិធានការនានារបស់រដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាពិសេសការគ្រប់គ្រងបាននូវពលករចំណាកស្រុកតាមមូលដ្ឋានរៀងៗខ្លួន ក្នុងកំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលកន្លងមកនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងស្រុករំដួលទាំងអស់ ត្រូវបន្តការពារ និងថែរក្សាសុខភាពយើងទាំងអស់គ្នា ដោយប្រកាន់ខ្ជាប់នូវការរក្សាអនាម័យស្អាតជាប្រចាំ ចូលរួមបង្ការការឆ្លងជំងឺកូវីដ និងជំងឺផ្សេងៗទៀត ទោះបីជារាជរដ្ឋាភិបាលកម្ពុជា គ្រប់គ្រងបាននូវស្ថានភាពការរាតត្បាតជម្ងឺកូវីដនៅកម្ពុជា និងមានភាពធូរស្រាលយ៉ាងណាក៏ដោយ ប៉ុន្តែការឆ្លងជំងឺនេះនៅតែអាចកើតឡើងគ្រប់ពេលវេលា៕