អាជ្ញាធរជាតិអប្សរានឹងផ្តល់បច្ចេកទេសជួសជុលកុដិឈើដ៏ចំណាស់នៅវត្តព្រះព្រហ្មរ័ត្ន


ក្រុមការងារកិច្ចការវត្តអារាមនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យកុដិឈើដ៏ចំណាស់មួយខ្នង ដែលជាស្ថាបត្យកម្មប្រកបដោយរចនាបថខ្មែរ ត្រូវបានសាងសង់អំពីឈើ ដំបូលប្រក់ក្បឿង និងមានអាយុកាលប្រមាណជាង៩០ឆ្នាំ ដែលស្ថិតនៅក្នុងវត្តព្រះព្រហ្មរត័្ន ខេត្តសៀមរាប។ វត្តព្រះព្រហ្មរ័ត្ននេះ ជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តចំណាស់ដទៃទៀត នៅតាមបណ្តោយដងស្ទឹងខេត្តសៀមរាប។

បច្ចុប្បន្ននេះ ក្រុមការងារកិច្ចការវត្តអារាម កំពុងតែសិក្សាលើគម្រោងនៃការជួសជុលកុដិឈើដ៏ចំណាស់នេះ ហើយគម្រោងនេះ គឺធ្វើឡើងក្នុងគោលបំណង ធ្វើយ៉ាងណាដើម្បីលើកស្ទួយស្នាដៃ និងចូលរួមអភិរក្សនូវសំណង់ស្ថាបត្យកម្មឈើដ៏ចំណាស់ ដែលមានមានតម្លៃមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ។

ក្នុងការជួសជុលនោះ ក្រុមអ្នកជំនាញនឹងរក្សាទម្រង់ដើមទាំងស្រុង មិនឱ្យមានការបាត់បង់ទ្រង់ទ្រាយណាមួយឡើយ គឺធ្វើយ៉ាងណាដើម្បីបន្តរក្សានូវស្នាដៃនិងសទ្ធារបស់បុព្វបុរសខ្មែរយើងឱ្យនៅស្ថិតស្ថេរគង់វង្សចីរកាល។

អត្ថបទ និងរូបភាពដោយ៖ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ