អភិបាល ខេត្តព្រះសីហនុ ផ្សព្វផ្សាយ ស្ដីពីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់សិស្សានុសិស្ស កំរិតមត្តេយសិក្សា បឋមសិក្សា និងមធ្យមសិក្សា ដល់លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ ក្នុងខេត្តព្រះសីហនុ


នាព្រឹកថ្ងៃច័ន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយវិស័យអប់រំខេត្តព្រះសីហនុ និងលោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងារចុះជួយវិស័យអប់រំខេត្តព្រះសីហនុ អញ្ជើញចូលរួមពិធីផ្សព្វផ្សាយ ស្ដីពីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់សិស្សានុសិស្ស កំរិតមត្តេយសិក្សា បឋមសិក្សា និងមធ្យមសិក្សា ដល់លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ ក្នុងខេត្តព្រះសីហនុ ។

លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការផ្អាកបិទសាលាជាបណ្តោះអាសន្ននៅគ្រប់គ្រឹៈស្ថានសិក្សាទាំងរដ្ឋ និងឯកជន ដោយសារតែជំងឺ Covid-19 ។ នេះជាឱកាសល្អសម្រាប់សិស្សានុសិស្សដែលទទួលបានការអប់រំពីចម្ងាយតាមចរាចរណ៍លេខ២៣ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលក្រសួងបានបង្កើតកម្មវិធីបង្រៀនតាមបែប (ឌីជីថល) ។ ការសិក្សាពីចម្ងាយតាមរយ:ប្រព័ន្ធអេឡិចត្រូនិក ដើម្បីលើកកម្ពស់គុណភាពវិស័យអ់រំតាមប្រព័ន្ធអនឡាញ ដូច្នេះលោកគ្រូ អ្នកគ្រូ បន្តផ្សព្វផ្សាយការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិកដល់សិស្សានុសិស្ស ក្រុមការងារប្រមូលពត៌មានបានគ្រប់ជ្រុងជ្រោយ រក្សាគន្លាតការជួបជុំគ្នាមិនលើសពី ១០នាក់ ជម្រុញមាតាបិតាសិស្សជួយបង្រៀនកូន ចៅតាមប្រព័ន្ធកម្មវិធី Zoom និងចូលរួមសម្អាតអនាម័យ ថែរក្សា និងបំពេញបន្ថែមបរិស្ថានសាលាសម្បូរបែប។ ហើយក៏សូមថ្លែងអំណរគុណដល់ការិយាល័យអប់រំក្រុង ស្រុក នាយក នាយិកាសាលាទាំងអស់បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់គោរព និងអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ពិសេសរដ្ឋបាលខេត្ត ចំពោះការយកចិត្តទុកដាក់ចុះជួយបង្រៀន។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការចាប់ផ្តើមវិស្សមកាលតូច និងការឈប់សម្រាកមុនកាលកំណត់សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិតទាំងសាធារណៈ និងឯកជននៅទូទាំងប្រទេស ជាកាឆ្លើយតបនឹងការប្រយុទ្ធនឹងជំងឺ Covid-19 ។ មន្ទីរអប់រំ ការិយាល័យអប់រំក្រុង ស្រុក គណ:នាយក នាយិកា លោកគ្រូ អ្នកគ្រូ បានយកអស់កម្លាំងកាយចិត្តក្នុងការចូលរួមផ្សព្វផ្សាយទូលំទូលាយ និងការអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ លើកទឹកចិត្តដល់មាតា-បិតា អាណាព្យាបាលបង្រៀន និងជំរុញឱ្យកូនចៅធ្វើស្វ័យសិក្សានៅផ្ទះ និងធ្វើអនាម័យជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច (E-School ឬ E-Learning) ការសិក្សាតាមប្រព័ន្ធ online ដែលក្រសួងអប់រំយុវជន និងកីឡា ពិសេសសម្រាប់សិស្សថ្នាក់ទី៩ និងទី១២ ជាថ្នាក់ត្រៀមប្រឡង ឆ្លើយតបនឹងសម័យបច្ចេកវិជ្ជា និងជួយសិស្សបានទាន់ពេលវេលាឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែង ។

ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់លោកនាយក នាយិកា គ្រូបច្ចេកទេស និងគ្រូទទួលបន្ទុកថ្នាក់ត្រូវជម្រុញសិស្សថ្នាក់ទី១២ ត្រូវចុះឈ្មោះរៀនតាមប្រព័ន្ធអនឡាញឱ្យបានគ្រប់ៗគ្នា។ មកដល់ពេលនេះមានសិស្ស ៨០០នាក់ បានចុះឈ្មោះរៀនតាមប្រព័ន្ធអនឡាញ ហើយការចុះឈ្មោះនេះ ត្រូវបានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូដែលបានជម្រុញសិស្សចុះឈ្មោះរៀនតាមប្រព័ន្ធអនឡាញរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយក្នុងម្នាក់ៗ រដ្ឋបាលខេត្តឧបត្ថម្ភថវិកា ២ម៉ឺនរៀល។

ក្នុងឱកាសនោះរដ្ឋបាលខេត្ត ក៍បានឧបត្ថម្ភថវិកាដល់សាលាអនុវិទ្យាល័យ និងវិទ្យាល័យក្នុងខេត្តព្រះសីហនុ ទាំង ២៧ ក្នុងមួយសាលាទទួលបានថវិកា ១លានរៀល និងមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ថវិកា ៥លានរៀលផងដែរ ៕