ឯកឧត្តម ឡុង ឈុនឡៃ បានថ្លែងនូវការកោត សរសើរចំពោះលទ្ធផលការងារដែលរដ្ឋបាល ខេត្តអង្គភាពជុំវិញខេត្តអាជ្ញាធរក្រុងស្រុកសម្រេចបានតាមផែនការសកម្មភាពក្នុងត្រីមាសទី១ និង ខែមេសាឆ្នាំ២០២០


កំពង់ឆ្នាំងៈ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរបែបនេះនារសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ឆ្នាំងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត ដោយមាន
ការអញ្ជើញចូលរួមពី ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាព មេបញ្ជាការកងកម្លាំងទាំង៣ នាយកទីចាត់ការ ប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង/ស្រុកទាំង៨ ចូលរួមផងដែរ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថាៈ ក្នុងរយៈពេលកន្លងមកខេត្តកំពង់ឆ្នាំងបានធ្វើការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ស្របតាមផែនការសកម្មភាពរបស់រដ្ឋបាលខេត្ត ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព និង កំណើនសេដ្ឋកិច្ច ដែលធានា អោយប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងមានជីវភាពធូធារ ជាពិសេសសោភ័ណភាពក្នុងក្រុងកំពង់ឆ្នាំងកាន់តែល្អប្រសើរ ។ នៅពេលខាងមុខអាជ្ញាធរ និង បន្តផែនការ រៀបចំសណ្តាប់ធ្នាប់សោភ័ណភាព និង អភិវឌ្ឍន៍តំបន់មាត់ទន្លេនៃក្រុងកំពង់ឆ្នាំង រយៈពេល៥ឆ្នាំ ២០២០ដល់២០២៤ និងផែនការរក្សាការពារបឹងធម្មជាតិទុកជាសម្បត្តិរដ្ឋ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បន្តទៀតថាៈ បើទោះបីជាមានការអភិវឌ្ឍយ៉ាងណាក៏ដោយ ក៏នូវមានបញ្ហាប្រឈមមួយចំនួនដែលបច្ចុប្បន្ននេះរដ្ឋបាលខេត្តកំពុងរៀបចំ កែលំអរ និងដោះស្រាយបញ្ហាទាំងនោះអោយបានទាន់ពេលវេលាស្រមតាមនិតិវិធីច្បាប់ ។

ឯកឧត្តម ឡុង ឈុនឡៃ បានផ្តាំផ្ញើអោយរដ្ឋបាលខេត្ត អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង/ ស្រុកត្រូវរួមគ្នាដើម្បីសម្រេចអោយបាននូវសូចនករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់តាមផែនការសកម្ម
ភាពរបស់រដ្ឋបាលខេត្ត និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ ជាពិសេសរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អោយបានល្អ ជាពិសេសអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ ចូលរួមផ្សព្វផ្សាយ អប់រំ ពីវិធានការការពារ ការរីករាលដាល ជំងឺកូវីដ ១៩ និងវិធានការ ដាក់ខ្លួនអោយនៅដាច់ដោយឡែក ព្រមទាំងដោះ
ស្រាយដល់ប្រជាពលរដ្ឋដែលជូបការលំបាក និងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ចាស់ជរាគ្មានទីពឹងកុមារកំព្រា ស្រ្តីមេមាយកូនច្រើន និងជំងឺផ្សេងៗទៀត អោយបានទាន់ពេលវេលា ។

ក្នុងកិច្ចប្រជុំនោះដែរក្រុមប្រឹក្សាខេត្តក៏បានអនុម័តសេចក្តីព្រាង៦ចំនុចរួមមានៈ
១.របៀបវារៈកិច្ចប្រជុំសាមញ្ញ លើកទី១១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។

២.កំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី១០អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។

៣.របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្ត។

៤.របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្ត។

៥.ផែនការស្តីពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈសោភ័ណភាព និង អភិវឌ្ឍន៍តំបន់មាត់ទន្លេនៃក្រុងកំពង់ឆ្នាំងរយៈពេល ៥ឆ្នាំ (២០២០ ដល់២០២៤)។

៦.ប្លង់គោលអាងស្តុបទឹកចុងរៃ នៅឃុំព្រៃមូល ស្រុករលាប្អៀរ។