(រតនគីរី)៖ នៅរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ដឹកនាំដោយ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិការគណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១០គ្រួសារ មកពី ៥ ភូមិ ៣ឃុំ ក្នុងស្រុកអូរយ៉ាដាវ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលាបឋមសិក្សាកាតែ ភូមិកាតែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តម ថង សាវុន បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយដោយ សម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់មកលើបងប្អូន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជានិច្ច។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តម បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ អោយមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវមើលស្រាលចំពោះជម្ងឺកូវីដ១៩ ទោះបីពុំទាន់មានការឆ្លងចូលក្នុងសហគមន៍ ដោយត្រូវចូលរួមអនុវត្តវិធានការ ការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមសារអប់រំនានារបស់ក្រសួងសុខាភិបាលដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះតាមរយៈការលាងដៃឲ្យបានញឹកញាប់ និងជាប្រចាំជាមួយសាប៊ូ នឹងទឹកស្អាត ហោចណាស់ឱ្យបាន ១នាទី ឬទឹកអាល់កុល ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃ យកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ហើយត្រូវពាក់ម៉ាស់ ឬក្រមា ពេលចេញក្រៅផ្ទះជាដើម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានបានប្រគល់ ម៉ាស់ចំនួន៥០០បន្ទះ និងអាល់កុល ៣០លីត្រ ដល់អនុសាខាស្រុកអូរយ៉ាដាវ សម្រាប់ប្រើប្រាស់ចុះផ្សព្វផ្សាយពីជម្ងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋបន្តទៀត។
អំណោយរបស់សាខាផ្តល់ជូនក្នុង១គ្រួសារទទួលបានរួមមាន៖ អង្ករ២៥kg មី ១កេសតូច ត្រីខ ១យួរ ឃីត(មុង ភួយ សារុង ក្រម៉ា)១កញ្ចប់ ទឹកត្រី ១យួរ ទឹកស៊ីអុីវ ១យួរ អាវយឺត១០ សាប៊ូ១ដុំ និងថវិកាមួយចំនួនទៀតផងដែរ៕