ក្រុមអ្នកជំនាញរបស់ចិន១០នាក់ នឹងបញ្ចេញប្រតិបត្តិការបាញ់ថ្នាំកម្ចាត់វីរុស COVDID-19 រយៈពេល ១៥ថ្ងៃ តាមរាជធានី-ខេត្តចំនួន១១ នៅកម្ពុជា


(ភ្នំពេញ)៖ តបតាមការស្នើសុំរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) ដឹកនាំដោយលោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធ សង្គមស៊ីវិល ក្រុមអ្នកជំនាញស្ម័គ្រចិត្តចំនួន១០រូប មកពីអង្គការសង្គ្រោះមេឃពណ៌ខៀវ (Blue Sky Rescue Organization–BSR) នឹងបំពេញប្រតិបត្តិការរបស់ខ្លួន រយៈពេល១៥ថ្ងៃ ដើម្បីបាញ់ថ្នាំកម្ចាត់មេរោគ COVID-19 នៅតាមបណ្តារាជធានី-ខេត្ត ចំនួន១១។

ក្រុមអ្នកជំនាញស្ម័គ្រចិត្តរបស់អង្គការសង្គមស៊ីវិល អង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន បានមកដល់ប្រទេសកម្ពុជា នាយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅតាមច្រកទ្វារអន្តរជាតិភ្នំពេញ។

បើតាមលោក ប៉ៃ សំបូរ ជាអគ្គលេខាធិការ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) បានឱ្យដឹងថា ការចុះប្រតិបត្តិការបាញ់ថ្នាំកម្ចាត់វីរុស COVID-19 នេះដែរ ក្រុមអ្នកជំនាញរបស់ចិន នឹងសហការជាមួយក្រសួងសុខាភិបាលកម្ពុជា អាជ្ញាធរដែនដី និងវេទិការសម្ព័ន្ធសង្គមស៊ីវិល ដើម្បីបាញ់ថ្នាំកម្ចាត់វីរុសនេះ នៅតាមតំបន់ដែលមានផ្ទុះវីរុស COVID-19 បណ្តារាជធានី-ខេត្តទាំង១១រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តតាកែវ, ខេត្តព្រះសីហនុ, ខេត្តកំពង់ឆ្នាំង, ខេត្តសៀមរាប, ខេត្តព្រះវិហារ, ខេត្តកំពង់ចាម, ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ និងខេត្តពោធិ៍សាត់។ ជាពិសេសនៅក្នុងប្រតិបត្តិការនេះដែរ ក្រុមជំនាញទាំង ១០រូបរបស់ចិន នឹងបណ្តុះបណ្តាលដល់ក្រុមជំនាញកម្ពុជា (៧១១) របស់កងពលតូចថ្មើរជើងលេខ «ង៧» លើវិធីសាស្ត្រការពារ បង្ការ ទប់ស្កាត់ និងបាញ់កម្ចាត់មេរោគជាដើម។

លោក ប៉ៃ សំបូរ បានបន្តថា ដោយឡែកសម្រាប់ប្រត្តិបត្តិការរយៈពេល១៥ថ្ងៃនេះដែរ ក្រុមអ្នកជំនាញចិន នឹងប្រើប្រាស់ឧបករណ៍ និងសម្ភាររួមមាន៖ ម៉ាស៊ីនបំភាយឧស្ម័នចំនួន ២០០គ្រឿង, ម៉ាស់វេជ្ជសាស្ត្រចំនួន ២៨០,០០០បន្ទះ និងសម្លៀកបំពាក់ការងារមិនមែនវេជ្ជសាស្ត្រ ចំនួន ៩០០សម្រាប់ ដែលគិតជាទឹកប្រាក់ប្រមាណ ១,២៨៨,០០០យ័ន។

លោកបានបញ្ជាក់ថា សម្រាប់ឧបករណ៍ និងសម្ភារដែលបម្រើឱ្យប្រតិបត្តិការនឹងដឹកមកប្រទេសកម្ពុជា នៅថ្ងៃទី០២ ខែឧសភា ខាងមុខនេះ ដោយចេញពីប្រទេសវៀតណាម ហើយពិធីប្រគល់-ទទួល នឹងធ្វើឡើងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ថ្មីៗនេះ មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ (CFPD) បានសម្រេចផ្តល់ជំនួយដល់ វ.ស.ស. នូវម៉ាស់ពេទ្យចំនួន ១៥០ ០០០សន្លឹក ម៉ាស់មុខ 3D ចំនួន ៥០ ០០០សន្លឹក អាវពេទ្យសម្រាប់ការពារមេរោគចំនួន ៧,៩៤០ឈុត និងថ្នាំបុរាណចិនព្យាបាលជំងឺកូវីដ១៩ ចំនួន ៨៤០កញ្ចប់ ដែលមានតម្លៃសរុបចំនួន ១,១៣១,៤០០យ័ន ឬប្រមាណ ១៥៩,១៩២ដុល្លារ៕