ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញចុះជួបសំណេះសំណាល និងផ្តល់ការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យខេត្តកំពង់ចាម


ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ​គណៈអភិបាលខេត្តកំពង់ចាម និងលោក លោកស្រី អភិបាលរងខេត្ត ប្រធាន​មន្ទីរសុខាភិបាល និងមន្ទីរមុខងារសាធារណៈខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាល និងផ្តល់ការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ គ្រូពេទ្យ និងបុគ្គលិកពេទ្យនៃមន្ទីរពេទ្យខេត្តកំពង់ចាម សរុបចំនួនជាង ៨០នាក់ ។

នៅក្នុងពិធីជួបសំណេះសំណាលនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដល់គ្រូពេទ្យ និងបុគ្គលិកពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលកន្លងបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ បំពេញបេសសកម្មថែទាំសុខភាពសាធារណៈ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ក្នុងស្ថានភាពនៃការរីករាលដាលនៃមេរោគកូវីដ-១៩ ដែលបុគ្គលិកសុខាភិបាលគឺជាភ្នាក់ងារជួរមុខក្នុងការការ​ពារអាយុជីវិតរបស់ប្រជាជនយើង ស្របតាមការដឹកនាំរបស់គណៈ​កម្មការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងពីស្ថានភាពចុងក្រោយនិងការវិវត្តន៍នៃជម្ងឺកូវីដ-១៩ និងផលវិបាកនៃជម្ងឺកូវីដ-១៩ និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់ថវិកាចំនួន ៨ លានរៀល និងសម្ភារៈមួយចំនួនទៀតដូចជា ម៉ាស អាល់កុល និង ទឹកសាប៊ូលាងដៃ ជូនដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ។

បន្ទាប់ពីបញ្ចប់ការសំណេះសំណាលជាមួយគ្រូពេទ្យ និងបុគ្គលិកពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមរួចមក ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរមុខងារសាធារណៈខេត្តកំពង់​ចាម និងបានផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់ ត្រូវមានសាមគ្គីភាព ស្មោះត្រង់ចំពោះវិជ្ជាជីវៈ រួបរួមគ្នាធ្វើការដើម្បីប្រយោជន៍រួមរបស់អង្គភាព និងបង្កើនការយកចិត្តទុកដាក់ចំពោះការថែរក្សាសុខភាព និងអនាម័យផ្ទាល់ខ្លួនខ្ពស់ សំដៅទប់ស្កាត់ការឆ្លងជម្ងឺផ្សេងៗ ពិសេសជម្ងឺកូវីដ-១៩ និងបានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ២ លានរៀល ជូនមន្ទីរមុខងារ​សាធារណ:ខេត្តកំពង់ចាមផងដែរ ។