រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានអញ្ជើញទៅពិនិត្យ ស្ថានភាពផ្លូវមួយខ្សែនៅតាមបណ្ដោយដងទន្លេមេគង្គ


ថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ​ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​ ២៩ ខែមេសា ឆ្នាំ​ ២០២០ ឯកឧ​ត្ដមបណ្ឌិត​ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញទៅពិនិត្យ ស្ថានភាពផ្លូវមួយខ្សែស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គ ជាប្រភេទផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែងសរុប ៦៨ គ.ម ចាប់ពីស្ពានគីហ្សូណា ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ទៅដល់ស្ពានព្រែកតាកុច ភូមិទី ១ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្ដី​បានផ្ដាំផ្ញើដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ សហការជាមួយអាជ្ញាធរមូលដ្ឋានជួយថែរក្សាផ្លូវនេះឲ្យបានល្អ ដើម្បីប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង៕