ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ជម្រុញដល់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធបន្តខិតខំយកចិត្តទុកដាក់អនុវត្តន៍ការ ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩


តាកែវ៖ នៅព្រឹកថ្ងៃពុធ ៨ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំពិនិត្យ និងតាមដានការអនុវត្តការងារ របស់គណៈកម្មការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវដី១៩ នៅទូទាំងខេត្តតាកែវ ជាមួយ លោក លោកស្រី អភិបាលរងខេត្ត កងកលាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងលោកអភិបាលក្រុង ស្រុក ទាំង១០។

បន្ទាប់ពីបានស្ដាប់សេចក្ដីរាយការណ៍ស្ដីពីស្ថានភាព និងសកម្មភាព នៃការចូលរួមចលនាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កុំឲ្យមានការរីករាលដាលនៅមូលដ្ឋានដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពី លោកអភិបាលក្រុងស្រុកទាំង១០ និងប្រធានមន្ទីរពាក់ព័ន្ធ រួចមក ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថ្លែងការកោតសរសើរដល់ អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តន៍ការ ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាសេចក្ដីណែនាំរបស់ក្រសួងស្ថាបនពាក់ព័ន្ធនានា ដើម្បីចូលរួមទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃមេរោគនេះនៅក្នុងសហគមន៍របស់យើង ព្រោះថាជំងឺកូវីដ១៩នេះ បាននឹងកំពង់រាតត្បាតជាសកល។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានបន្តជម្រុញដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវ តែបន្តពង្រឹងការចុះពិនិត្យតាមដានរាល់ការវិលត្រលប់ របស់បងប្អូនដែលមានសាច់ញាតិទើបត្រលប់មកពីក្រៅប្រទេស ក្នុងនាមអាជ្ញាធរមូលដ្ឋានត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ ត្រូវធ្វើការដាក់ខ្លួនដាច់ដោយឡែក រយះពេល១៤ថ្ងៃសិន ចាំចូលមកស្និត ស្នាលជាមួយជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅសហគមន៍ ប្រសិនមានអាការៈសង្ស័យណាមួយត្រូវប្រញាប់ទាក់ទងមកមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមលេខ ១១៥៕