ឯកឧត្តម ហង់ ជួនណារ៉ុន៖ ទិវានៃក្តីស្រឡាញ់ ជាទិវាបង្ហាញក្តីស្រឡាញ់ទូទៅ មិនមែនសម្រាប់តែគូសេ្នហ៍


នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា ទិវានៃក្តីស្រឡាញ់ ជាទិវាបង្ហាញក្តីស្រឡាញ់ទូទៅ មិនមែនសម្រាប់តែគូសេ្នហ៍។ ឯកឧត្តមជំរុញឱ្យយុវវ័យត្រូវរក្សា និង គោរពតាមទំនៀមទំលាប់ប្រពៃណីខ្មែរឲ្យបានល្អ។

ឯកឧត្តម ហង់ ជួនណារ៉ុន បានបញ្ជាក់ឲ្យដឹងថា ទាក់ទងនឹងទិវានេះ ក្រសួងក៏បានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅដល់ សិស្សានុសិស្ស នៅតាមសាលារៀនឲ្យយល់ពីខ្លឹមសារនៃទិវានៃក្តីស្រឡាញ់ ហើយក៏បានបង្កើនការពង្រឹងចុះអវត្តមាន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ស្អែកនេះ ដើម្បីកុំឲ្យសិស្សានុសិស្សាគេចវេសពីការសិក្សាទៅធ្វើរឿងមួយចំនួនដែលខុសនឹង ប្រពៃណីទំនៀមទំលាប់ខ្មែរ។

រដ្ឋមន្រ្តីក្រសួងអប់រំ បានថ្លែងបែបនេះខណៈឯកឧត្តមចូលរួម នៅក្នុងពិធីប្រកាសដាក់ឲ្យដំណើរការប្រព័ន្ធពង្រឹងសមត្ថភាព និង តេស្តសមត្ថភាព ដោយខ្លួនឯង សម្រាប់សិស្សថ្នាក់ទី១២ លើប្រព័ន្ធអ៉ីនធើណែត នៅទីស្តីការក្រសួងអប់រំ។

ឯកឧត្តម ហង់ ជួនណារ៉ុន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំស្នើឲ្យយុវជនបន្តគោរពនូវប្រពៃណីទំនៀមទំលាប់ ខ្មែរទិវានៃ​សេចក្តីស្រឡាញ់ មិនមែន ជាទិវាដែលយុវជនយើងត្រូវតែមានដៃគូខាងផ្នែកស្នេហានោះទេ តែវាជាទិវាបង្ហាញ​ក្តីស្រឡាញ់ជារួម ជាទូទៅចំពោះ ឪពុក ម្តាយ មិត្តភក្តិ។ នេះជាសេចក្តីស្រឡាញ់ដែលមានលក្ខណៈទូលំទូលាយ មិនមែនមានន័យថា ជាសេចក្តីស្រឡាញ់ ជាគូស្នេហ៍នោះទេ។ខ្ញុំសុំស្នើឲ្យយុវជនយល់ច្បាស់ពី ខ្លឹមសារពិតពីទីវានេះ ហើយផ្តោតទៅលើការខិតខំប្រឹងប្រែងដើម្បីពង្រឹង សមត្ថភាព វិញហើយ ស្នើឲ្យ យុវវ័យរក្សាឲ្យបាន​ប្រពៃណីទំនៀម​ទំលាប់​វប្បធម៌របស់ខ្មែរ»

សម្រាប់ក្រសួងអប់រំ ជារៀងរាល់ឆ្នាំក៏បានចូលរួមចំណែក ក្នុងការក្រើនរំលឹកដល់សិស្សានុសិស្សឲ្យយល់ដឹងពីខ្លឹមសារនៃទិវា មួយនេះ ឲ្យកាន់តែច្បាស់លាស់ថែមទៀត ហើយក្រសួងក៏មានវិធានការមួយចំនួន សម្រាប់សិស្សានុសិស្ស​ដែលយកមិនចូលរៀន នៅថ្ងៃទី១៤ ខែកុម្ភៈ ផងដែរ៕