សម្តេចពិជ័យសេនា ទៀ បាញ់ អំពាវនាវដល់កងទ័ព និងពលរដ្ឋគ្រប់រូប អនុវត្តច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់


ស្របពេលដែលប្រទេសកម្ពុជា ចាប់ផ្តើមរិតបន្តឹងច្បាប់ចរាចរណ៍ ដោយអនុវត្តន៍ការផាកពិន័យច្រើនជាងមុន ចំពោះបទល្មើសចរាចរណ៍ ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០មកនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវដល់កងទ័ពទាំង ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ បើកបរដោយការយោគយល់គ្នា ដើម្បីការពារអាយុជីវិតរបស់យើងទាំងអស់គ្នា។

សម្តេចពិជ័យសេនា ទៀ បាញ់ តាមរយៈទំព័រ Facebook បង្ហោះនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «សូមបងប្អូនកងទ័ព ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប ចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ បើកបរដោយការយោគយល់គ្នា ដើម្បីការពារអាយុជីវិតរបស់យើងទាំងអស់គ្នា»។

សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ ដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូន ប្រជាពលរដ្ឋនៅទូទាំងប្រទេស ចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចបង្ករបួស ស្នាមធ្ងន់ស្រាល រហូតដល់មានការបាត់បង់អាយុជីវិត។ ទន្ទឹមនឹងនេះដែរ សម្តេចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើកបរត្រូវគោរពច្បាប់ចរាចរណ៍មានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ ដល់គ្នាទៅវិញទៅមក ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

សូមបញ្ជាក់ថា រយៈពេល១ថ្ងៃ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ នគរបាលចរាចរណ៍ទូទាំងប្រទេស បានរកឃើញយានយន្តល្មើសចំនួន ២,៦៧១គ្រឿង ក្នុងនោះមានម៉ូតូ ១,៩៨៣គ្រឿង និងរថយន្ត ៦៨៨គ្រឿង។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព អត់ដាក់កញ្ចក់ បើកបញ្ជ្រាសទិសចរាចរណ៍ និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវាត់ បើកបរលើសល្បឿន ផ្ទុកលើសចំណុះ ល្មើសភ្លើងសញ្ញា និងអត់បណ្ណបើកបរជាដើម។

បើសរុបយានយន្តល្មើសទាំងរយៈពេល៣ថ្ងៃ (ថ្ងៃទី០១-០៣ ខែឧសភា) មានចំនួន ៧,៩០២គ្រឿង ក្នុងនោះម៉ូតូចំនួន ៦,០៨៥គ្រឿង និងរថយន្ត ១,៨១៧គ្រឿង៕