អភិបាលខេត្តកំពង់ចាម ចុះត្រួតពិនិត្យសោភ័ណ្ឌភាព និងរៀបចំកែលម្អបរិស្ថាន លើកំណាត់ផ្លូវជាតិលេខ៦ និងលេខ៧


(កំពង់ចាម)៖ ដើម្បីរក្សានូវសោភ័ណភាពនៅទីក្រុង ទីប្រជុំជន និងរក្សាបានសុវត្ថិភាពតាមដងផ្លូវសាធារណនៅទូទាំងខេត្ត នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ត្រួតពិនិត្យសោភ័ណ្ឌភាព និងរៀបចំកែលម្អបរិស្ថាន លើកំណាត់ផ្លូវជាតិលេខ៦ និងលេខ៧ ពីចំណុចស្ពានទី២៤ ព្រំទល់ខេត្តកណ្តាល មកដល់ចំណុចស្ពានគីហ្ស៊ូណា ព្រំប្រទល់ខេត្តត្បូងឃ្មុំ។

បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការធ្វើដំណើរឆ្លងកាត់ ឬក៏ទស្សនាកម្សាន្ត តំបន់រមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានដឹកនាំប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ចុះត្រួតពិនត្យតាមដងផ្លូវជាតិសំខាន់ៗ លេខ៦ និងលេខ៧ ពោលគឺក្នុងគោលបំណងរៀបចំ ធ្វើយ៉ាងណាឲ្យកំណាត់ផ្លូវជាតិសំខាន់ទាំង២នេះ មានសោភ័ណ្ឌភាព និងមានលក្ខណៈធំទូលាយ។

មន្ត្រីដដែល បានបញ្ជាក់ថា ក្នុងការចុះពិត្យនេះ ប្រសិនបើឃើញថា ផ្លូវកន្លែងទីប្រជុំណា មានការលក់ដូរហៀរលើចិញ្ចើមថ្នល់ អាជ្ញាធរ និងរៀបចំសណ្តាប់ធ្នាប់ ឲ្យខិត ចូលជ្រៅ គឺជៀសវាងការរំខាន ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរជាដើម។

មន្ត្រីដដែលបានបន្តថា ក្រោយពីការត្រួតពិនិត្យជាក់ស្តែង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានដាក់ផែនការ ឲ្យអភិបាលស្រុក-ក្រុង ដែលនៅជាប់ដងផ្លូវជាតិលេខ៦ និងលេខ៧ ត្រួតពិនិត្យជាប្រចាំ ពីព្រំប្រទល់ខេត្តកណ្តាល ស្រុកបាធាយ ដល់ព្រំប្រទល់ខេត្តត្បូងឃ្មុំ ស្ពានគី ហ្ស៊ូណា ក្នុងក្រុងកំពង់ចាម ដើម្បីអនុវត្តលើការងារនេះ ឲ្យមានប្រសិទ្ធភាព៕